កណ្ដាល៖ ព្រះរាជអាជ្ញារងអមអមសាលាដំបូងខេត្តកណ្ដាល លោក ឯក ស៊ុនរស្មី នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ សម្រេចចោទប្រកាន់បុរសម្នាក់ ដែលរួមភេទតាមហ្វេសប៊ុក រហូតគំរាមទារប្រាក់ពីស្ត្រីរងគ្រោះ ជាពលករខ្មែរនៅកូរ៉េ បានជាង៤ម៉ឺនដុល្លារជាផ្លូវការ ហើយបច្ចុប្បន្នជនត្រូវចោទ និងសំណុំរឿងត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរចាត់ការបន្តតាមនីតិវិធី។
មន្ត្រីតុលាការថ្លែងឱ្យដឹងថា ជនសង្ស័យត្រូវបានចោទប្រកាន់ពីបទ គំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស ដោយសារការអនុវត្តជាក់ស្ដែង នូវការគំរាមកំហែង តាមមាត្រា៣៧៤ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះកំណត់ការផ្តន្ទាទោសចន្លោះពី៥ឆ្នាំទៅ១០ឆ្នាំ។
សូមបញ្ជាក់ថា ជនល្មើសរូបនេះ ដែលធ្លាប់ជាប់ពន្ធនាគាររហូតដល់១២ឆ្នាំ ពីបទប្លន់ បានសម្រេចគំរាមទារប្រាក់ជាថ្នូរនឹងការមិនបញ្ចេញរូបអាក្រាតកាយ ដែលស្ត្រីរងគ្រោះបានធ្លាប់រួមភេទ ជាមួយខ្លួនតាម Online ពីប្រទេសកូរ៉េ រហូតសរុបទឹកប្រាក់ដែលត្រូវខាតបង់ជាង៤ម៉ឺនដុល្លារ ភាគច្រើនបានផ្ញើតាម Wing។
បន្ទាប់ពីត្រូវបានចំណាយទឹកប្រាក់ជាង៤ម៉ឺនដុល្លារនោះ ស្ត្រីរងគ្រោះបានអស់លទ្ធភាពរកប្រាក់ផ្ញើមកតាមការគំរាម ក៏ដាច់ចិត្តធ្វើដំណើរមកស្រុកខ្មែរ ហើយទម្លាយរឿងដ៏ខ្មាស់អៀននេះ ដល់ក្រុមគ្រួសារ ដើម្បីដាក់ពាក្យបណ្តឹងទៅកាន់នគរបាលខេត្តកណ្តាល រហូតបំបែកដោយជោគជ័យ និងតាមចាប់ជនដៃដល់បាន នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ ហើយកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕ ដោយ៖បញ្ញាស័ក្តិ