ភ្នំពេញ៖នេះជាហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សែនរន្ធត់ខ្លាំងណាស់ ដោយរថយន្តប្រភេទក្រឡុកស៊ីម៉ងត៍១គ្រឿង បានបុករះរថយន្ត២គ្រឿង ហើយព្យាយាមបើករត់គេចទៅបុកម៉ូតូកង់បីឥណ្ឌា១គ្រឿងទៀត ឡើងខ្ទេចទាំងស្រុង បណ្តាលឲ្យអ្នកបើកផាសអាប់ និងភ្ញៀវជាស្ត្រីម្នាក់ស្លាប់យ៉ាងអាណោចអាធ័មទីជាបំផុត។
ហេតុការគ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៩ និង ៤០នាទីយប់ ថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២០ ដែលកើតហេតុ នៅស្តុប២៤ម៉ោង មុខបង់ក្រហមថ្មី ផ្លូវភ្នំពេញហាណូយ កែងផ្លូវឧកញ៉ាម៉ុងឫទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនរងគ្រោះទី១- មាន ឈ្មោះ ម៉ម សៅ ភេទប្រុស អាយុ ៤៩ ឆ្នាំ (អ្នកបើកបរកង់បីឥណ្ឌា ពាក់ផ្លាកលេខ តាកែវ 1T-0003) មានស្រុកកំណើត ខេត្តតាកែវ ។ ជនរងគ្រោះទី២ ដែលជាអ្នកដំណើរមានឈ្មោះ មាស ស៊ាងលី ភេទស្រី អាយុ ២៥ ឆ្នាំ រស់នៅខណ្ឌព្រែកព្នៅ។
តាមរយៈគ្រោះថ្នាក់សោកនាដកម្ម នៅលើដងផ្លូវមួយនេះផងដែរ ឃើញថា បងប្អូនមហាជនយ៉ាងច្រើន បានកំពុងផ្ទុះកំហឹងកញ្ជ្រោលខ្លាំងតែម្តង ដោយម្នាក់ៗបានលើកឡើងទាំងកំហឹងឈឺចាប់បែបនេះថា «គួរតែវ៉ៃវាឲ្យទក់សាច់នៅនឹងកន្លែងតែម្តងទៅ អាមនុស្សបើកបរប្រភេទនេះ ហើយក៏មិនត្រូវឲ្យវារួចខ្លួនពីគុកបានឡើយ»។
ជាការពិតណាស់ ឡានពិសេសប្រភេទធុនធំៗ គេតែងសង្កេតឃើញភាគច្រើនបើកបរលឿនៗណាស់ មិនថាផ្លូវនៅទីប្រជុំជន ឬ ផ្លូវប្រសព្វដែលគួរបន្ថយល្បឿននោះទេ និយាយរួមទៅ គឺពួកគេបើកបរមិនខ្វល់ពីអាយុជីវិតអ្នកបើកបរម៉ូតូ ឬឡានតូចៗឡើយ។
ហេតុនេះ គួរចេញនូវច្បាប់ដាក់ទោសឲ្យបានធ្ងន់ៗបំផុត ចំពោះអ្នកបើកបរណាដែលគ្មានការទទួលខុសត្រូវ ដើម្បីព្រមានដល់អ្នកដទៃទៀត មុននឹងឡើងបើកបរ ត្រូវនឹកឃើញជានិច្ចពីសុវត្ថិភាពជាចម្បង អ្នកត្រូវចងចាំថា ការបង្កគ្រោះថ្នាក់ដល់អាយុជីវិតគេដោយសារតែរូបអ្នក ថាតើវាបានធ្វើឲ្យក្រុមគ្រួសារ សាច់ញាតិគេឈឺចាប់ខ្លាំងប៉ុណ្ណា។
ជាមួយគ្នានេះផងដែរ យើងក៏សូមអំពាវនាវទៅដល់ម្ចាស់ក្រុមហ៊ុនដែលមានឡានធំៗ មុននឹងជ្រើសរើសអ្នកបើករ គួរតែពិនិត្យមើលពីបុគ្គលិកលក្ខណៈសម្បត្តិរបស់បុគ្គលនោះ ថាតើជាមនុស្សមានអត្តចរិកភ្លើតភ្លើនឬយ៉ាងណា និងពិសេសនោះ ក៏គួរតែត្រូវហៅមកទូន្មានក្រើនរំលឹកឲ្យបានញឹកញាប់ អំពីការបើករបស់ពួកគេ ព្រោះថាជាក់ស្តែងដូចករណីខាងលើនេះ ថាតើវិនាសហិនហោចខ្លោចផ្សារធំប៉ុនណាទៅ!?៕ ដោយ៖ លឹម ហុង