ក្រសួងបង្រួមបង្រួមជាតិកូរ៉េខាងត្បូង បានប្រកាសឲ្យដឹងនៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងជើងបានស្នើសុំប្រទេសកូរ៉េខាងត្បូងឲ្យផ្គត់ផ្គងប្រេងទៅដល់កប៉ាល់ដែលដឹកក្រុមសំដែងសិល្បៈរបស់ខ្លួន។
ក្រុមសំដែងសិល្បៈឈ្មោះ Samjiyon របស់កូរ៉េខាងជើងបានធ្វើដំណើរទៅកាន់កូរ៉េខាងត្បូង តាមកប៉ាល់ កាលពីថ្ងៃអង្គារម្សិលមិញ ដើម្បីសំដែងក្នុងការអបអរកីឡាអូឡាំពិចរដូវរងាក្នុងប្រទេសកូរ៉េខាងត្បូង។
អ្នកនាំពាក្យក្រសួងបង្រួបបង្រួមជាតិ Baik Tae-hyun បានថ្លែងដូច្នេះថា “កូរ៉េខាងជើងបានសុំឲ្យកូរ៉េខាងត្បូងផ្តល់ប្រេងឲ្យកប៉ាល់នោះ ហើយបច្ចុប្បន្នរដ្ឋាភិបាលកំពុងពិនិត្យលើសំណើរនោះ”។ គេនៅពុំទាន់បានដឹងភ្លាមៗទេ ថាតើកូរ៉េខាងជើងស្នើសុំប្រេងប៉ុន្មានលីត្រ។
ក្រសួងដដែលបញ្ជាក់ថា ខ្លួនទំនងជានឹងផ្តល់អាហារ ប្រេង និងអគ្គិសនីទៅឲ្យភាគីកូរ៉េខាងជើង នៅពេល ដែលកប៉ាល់ Mangyongbong-92 ឈប់សំចតនៅកំពុងផែ Mukho របស់កូរ៉េខាង ត្បូង។ កប៉ាល់នេះនឹងត្រូវប្រើប្រាស់ជាកន្លែងស្នាក់នៅរបស់ក្រុមសិល្បៈ។
ទីក្រុងសេអ៊ូល ត្រូវធ្វើឲ្យប្រាកដថា ការផ្តល់អាហារដល់ភាគីកូរ៉េខាងជើង នឹងមិនមានគ្រឿងផ្សំរបស់អាមេរិចនោះទេ ដើម្បីការពារកុំឲ្យមានការរំលោភបំពានទណ្ឌកម្មរបស់អាមេរិច ដែលហាមឃាត់រាល់ការផ្តល់ទំនិញ និងសេវាកម្មរបស់អាមេរិចទៅដល់កូរ៉េខាងជើង។
អ្នកនាំពាក្យថ្លែងថា “រដ្ឋាភិបាលនឹងខិតខំធ្វើឲ្យច្បាស់លាស់ថា ការផ្តល់ទាំងឡាយនឹងមិនរំលោភទណ្ឌកម្មអន្តរជាតិ តាមរយៈការប្រឹក្សាជាមួយនឹងអាមេរិច និងប្រទេសដទៃ”។
សូមបញ្ជាក់ថា កូរ៉េខាងត្បូងនឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៏អូឡាំពិចរដូវរងា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ ដល់ទី ២៥ខែកុម្ភៈនេះ៕ សុភ័ក្ត្រ