កណ្តាល÷ស្ត្រីម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងទៅបុកទ្រូងថ្មពុះចែកផ្លូវបណ្ដាលឲ្យបាក់អស់មួយកង់ចំណែកឯរថយន្តវិញក្រឡាប់ផ្ងារជើង។
ហេតុការណ៍ដែលកើតឡើងនៅវេលាម៉ោង ៨និង ៣០នាទីយប់ ថ្ងៃចន្ទទី ១៤ ខែកញ្ញា ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ២១ ក្រុងតាខ្មៅ ខេត្តកណ្តាល។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញស្ត្រីខាងលើបើករថយន្តស៊េរីទំនើបម៉ាកឡិចស៊ីស ពាក់ផ្លាកលេខ កម្ពុជា MSS YAYA ធ្វើដំណើរក្នុងទិសដៅពីជើង មកត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកទ្រូងថ្ម ពុះចែកផ្លូវ បាក់អស់១កង់ ចំណែកឯរថយន្តវិញខ្ទាតទៅខាងក្រឡាប់ផ្ងារជើង សំណាងល្អម្ចាស់រថយន្តមិនមានរងរបួសនោះទេ រងការខូចខាតតែរថយន្តស្ទើរទាំងស្រុង។ បញ្ជាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនមានអ្នករងរបួសនិងស្លាប់ទេ រងការខូចខាតរថយន្តនិងទ្រូងថ្មពុះចែកផ្លូវ អស់១កង់ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញចុះមកដល់រួចក៏ទាក់ទងទៅខាងចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុ យករថយន្ដទៅរក្សាទុកនៅស្នងការក្រុងខេត្តកណ្តាល រង់ចាំដោះស្រាយនៅពេលក្រោយ៕ដោយ៖ សា មេត