ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចេញសេចក្ដីអំពាវនាវ ស្ដីពីការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាស ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅថ្ងៃទី១៦ ដល់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០។
បើតាមសេចក្ដីអំពាវនាវ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០បានឲ្យដឹងថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមសំដែងនូវការអបអរសាទរ និងគោរពជូនពរ បវរមហាប្រសើរចំពោះប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងការថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះអ្នកប្រើប្រាស់ផ្លូវយ៉ាងច្រើនលើសលប់ ដែលបានចូលរួមសហការគោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ដោយបានគាំទ្រ និងអនុវត្តបានយ៉ាងល្អតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៤៤អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្តីពីការ ពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក រួមចំណែកធ្វើឱ្យស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ បានធូរស្រាលគួរឱ្យកត់សម្គាល់គឺ ក្នុងរយៈពេល៨ខែ នៃឆ្នាំ២០២០នេះ ប្រៀបធៀបរយៈពេលដូចគ្នានៃឆ្នាំ២០១៩ ករណ៏គ្រោះថ្នាក់ចរាចរណ៍មានការថយចុះចំនួន ៦៦៧លើក ស្មើ២៤% អ្នកស្លាប់ថយចុះចំនួន ២១៥នាក់ ស្មើ១៦% អ្នករបួសថយចុះចំនួន ១.០១០នាក់ ស្មើ២៤%។
នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌដែលបាននិងកំពុងតែប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋអាចនឹងមានសកម្មភាពធ្វើចរាចរណ៍ទៅកាន់ទីវត្តអារាម ស្រុកកំណើត និងដំណើរកម្សាន្តទូទាំងប្រទេសយ៉ាងមមាញឹក ហើយក៏អាចមានកំណើនគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
ដើម្បីទប់ស្កាត់បញ្ហាប្រឈមនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមសំណូមពរដល់ ប្រជាពលរដ្ឋទាំងអស់មេត្តាយកចិត្តទុកដាក់រក្សាសុវត្ថិភាព ក្នុងការធ្វើចរាចរណ៍ ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការសំខាន់ៗ ដូចខាងក្រោម៖
១- ចំពោះរថយន្តដឹកអ្នកដំណើរ ឬរថយន្តដឹកទំនិញ សូមកុំផ្ទុកមនុស្ស ឬទំនិញលើសច្បាប់កំណត់ ជាពិសេសរថយន្តដឹកអ្នកដំណើរ មិនត្រូវផ្ទុកមនុស្សនៅលើដំបូល និងសុំកុំដំឡើងថ្លៃសំបុត្រធ្វើដំណើរ។
២- ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះរបស់ខ្លួន មុនពេលធ្វើចរាចរណ៍។
៣- អ្នកបើកបររថយន្ត និងអ្នករួមដំណើរ សូមពាក់ខ្សែក្រវាត់សុវត្ថិភាពឲ្យបានត្រឹមត្រូវជាប់ជាប្រចាំ។
៤- អ្នកបើកបរម៉ូតូ និងអ្នករួមដំណើរទាំងអស់ ត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវគ្រប់ៗគ្នា ទោះធ្វើ ដំណើរជិត ឬ ឆ្ងាយ និងគ្រប់ពេលវេលា។ ត្រូវចងចាំជានិច្ចថា «មួកសុវត្ថិភាពមួយ ជួយការពារជីវិត បានម្នាក់ »។
៥- អ្នកបើកបរត្រូវបន្ថយល្បឿនបើកបររបស់ខ្លួនទៅតាមច្បាប់កំណត់ និងតាមស្ថានភាពជាក់ស្តែង ដូចជា ទីប្រជុំជន សាលារៀន ផ្លូវកោង ផ្លូវប្រសព្វ ផ្លូវចំណោត ផ្លូវចង្អៀត ឬផ្លូវរអិល -ល- មូលហេតុចម្បង ដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក គឺការបើកបរលើសល្បឿនកំណត់។
៦- អ្នកបើកបរមុននឹងវ៉ា ជើង ត្រូវដឹងច្បាស់ថាផ្លូវខាងមុខទំនេរ អាចជែងបានដោយសុវត្ថិភាពជៀសវាងការ វ៉ា ជើងដោយប្រថុយប្រថាន ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។
៧- អ្នកបើកបរត្រូវគោរពសិទ្ធិអាទិភាព នៅត្រង់ផ្លូវប្រសព្វ ដោយត្រូវបើកបរបន្ថយល្បឿននៅពេលជិត ដល់ផ្លូវប្រសព្វ និងត្រូវទុកសិទ្ធិ ឲ្យអ្នកបើកបរដែលធ្វើចរាចរណ៍នៅលើផ្លូវធំ និងត្រង់ ទៅមុន។
៨- មិនបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន និងសូមចងចាំជានិច្ចនូវពាក្យស្លោក «បើពិសា គ្រឿងស្រវឹង កុំបើកបរ»។ ស្ថានភាពស្រវឹងនឹងបង្កឲ្យអ្នកបើកបរបាត់ការចងចាំ វង្វេងស្មារតី មិន អាចបញ្ជាយានបានដោយសុវត្ថិភាព ងាយប្រឈមនឹងការបង្កគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។
៩- នៅពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវសុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យទៅវិញ ទៅមក ដើម្បីទប់ស្កាត់គ្រោះថ្នាក់ ឬសម្រួលស្ថានភាពកកស្ទះចរាចរណ៍។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមសំដែងនូវសេចក្ដីសង្ឃឹម និងជឿទុកចិត្ត លើស្មារតីប្រុងប្រយ័ត្នរបស់សាធារណជន ក្នុងការអនុវត្តសេចក្ដីអំពាវនាវនេះ ដើម្បីនាំមកនូវសុវត្ថិភាព និង សេចក្ដីសប្បាយរីករាយជាមួយក្រុមគ្រួសារ ក្នុងឱកាសប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខាងមុខនេះ៕
ដោយ៖កូឡាប


