ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានទទួលជ្រាប និងសឹងតែមិនផុតក្តីរន្ធត់ដែលកំពុងដក់ជាប់ ចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវ បង្កឡើងដោយរថយន្តក្រឡុកស៊ីម៉ងត៍១គ្រឿង បានបុករះ រថយន្ត ២ គ្រឿង ហើយព្យាយាមបើករត់គេចទៅបុកម៉ូតូកង់បីឥណ្ឌា ១ គ្រឿងទៀតឡើង ខ្ទេចទាំងស្រុង បណ្តាលឲ្យអ្នកបើកផាសអាប់ និងភ្ញៀវជាស្ត្រីម្នាក់ស្លាប់យ៉ាងអាណោចអាធ័មទីជាបំផុត ។
ហេតុការគ្រោះថ្នាក់ចរាចរណ៍ដ៏សែនស្លុតរន្ធត់ខាងលើនេះ បានកើតឡើងកាលពីវេលា ម៉ោង ៩ និង ៤០ នាទី យប់ថ្ងៃអាទិត្យ ទី ១៣ ខែកញ្ញា ឆ្នាំ ២០២០ ស្ថិតនៅចំណុចស្តុប ២៤ ម៉ោង មុខបង់ក្រហមថ្មី ផ្លូវភ្នំពេញ ហាណូយ កែងផ្លូវឧកញ៉ា ម៉ុង ឫទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនរងគ្រោះ ទី ១- មាន ឈ្មោះ ម៉ម សៅ ភេទ ប្រុស អាយុ ៤៩ ឆ្នាំ ( អ្នកបើកបរ កង់ បី ឥណ្ឌា ពាក់ ផ្លាកលេខ តាកែវ 1T-0003) មានស្រុកកំណើត ខេត្តតាកែវ ។ ជនរងគ្រោះ ទី ២ ជាអ្នកដំណើរដែលជានារីមានសម្រស់ដ៏ស្រស់ស្អាតម្នាក់ មានឈ្មោះ មាស ស៊ា ងលី ភេទស្រី អាយុ ២៥ ឆ្នាំ រស់នៅ ខណ្ឌព្រែកព្នៅ ។ ចំណែកអ្នកបើកបរបង្កឈ្មោះ មឿន ចក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ កាលពីវេលា ម៉ោង១៤ និង ៣០ នាទី រសៀលថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២០ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។
ដោយឡែក ក្រឡេកមកមើលស្នាមញញឹមស្រស់ស្រាយរបស់នារីរងគ្រោះវិញ កាលពីរូបនាងនៅមានជីវិត គឺរឹតតែធ្វើឲ្យយើងគ្រប់គ្នាអាណិតស្រណោះខ្លាំងណាស់ ព្រោះតែមិននឹកស្មានថានាងត្រូវអស់ជីវិតក្រោមស្នាដៃឃាតករនៅលើដងផ្លូវបែបនេះ។ បើទោះរូបកាយរបស់នាងបានលាចាកលោកទៅហើយ តែស្នាមញញឹមដ៏គួរឲ្យស្រឡាញ់ទាំងនេះ បានកំពុងធ្វើឲ្យក្រុមគ្រួសារ សាច់ញាតិ និងមិត្តភក្តិរបស់នាង ឈឺចាប់ និងពុំអាចបំភ្លេចបានឡើយ។ ជាពិសេសសង្សាររបស់នាងវិញ គឺបានកំពុងបង្ហាញពីការឈឺចាប់សឹងតែក្លាយជាមនុស្សគ្មានវិញ្ញាណទៅហើយ ព្រោះតែបាត់បង់មនុស្សស្រីជាទីស្រឡាញ់ម្នាក់ ដែលបានសាងអនុស្សាវរីយ៍ដ៏រីករាយជាមួយគ្នាយ៉ាងច្រើន។
ភ្ជាប់នឹងបទចម្រៀងដ៏កម្សត់ពោរពេញទៅដោយអត្ថន័យដ៏ជ្រាលជ្រៅ បុរសជាសង្សារបានភ្ជាប់សារដ៏ក្តុកក្តួលគួរឲ្យស្រណោះថា៖ «១ម៉ោងទៀតអូនដល់ផ្ទះហើយ អូនទៅរហូតបែបនេះដឹងទេ បងក្លាយជាមនុស្សគ្មានវិញ្ញាណ ទន់ខ្សោយ មិនដឹងត្រូវរឹងមាំបែបណាបាន បងធ្វើមិនបានទេ»។
សូមបញ្ជាក់ថា ជនដែលបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ឈ្មោះ មឿន ចក់ អាយុ ៣៦ ឆ្នាំ មុខរបរ អ្នកបើកបរ ដែលបណ្តាលឲ្យមនុស្ស២នាក់ស្លាប់ ត្រូវបានបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី១៤កញ្ញានេះ ។
លោកវរសេនីយ៍ឯក សែម រតនា នាយការិយាល័យចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា នៅរសៀលថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនរបាលរាជធានីភ្នំពេញ និងមានការឯកភាពពីឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ជនបង្កគ្រោះថ្នាក់ចរាចរណ៍ឈ្មោះ មឿន ចក់ ភេទប្រុស ដែលបណ្តាលឲ្យមនុស្ស២នាក់ស្លាប់ កាលពីវេលាម៉ោង ២២និង១០នាទីយប់ ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ២០២០ នៅត្រង់ចំណុចផ្លូវលេខ ១០១៩ ប្រសព្វផ្លូវ ម៉ុងឫទ្ធី សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានបញ្ជូនទៅតុលាការ នៅវេលាម៉ោង ១៤និង៣០ នាទីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕ ដោយ៖ លឹម ហុង