បាត់ដំបង៖កាលពីថ្ងៃទី ១៤និងទី១៥ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិអណ្តូងចេញ សង្កាត់អូរចារ និងចំណុចភូមិតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណី(ឆបោក)យកម៉ូតូបានកើតឡើង ដែលករណីនេះបង្កដោយជនសង្ស័យចំនួន២នាក់ ធ្វើសកម្មភាព(ឆបោក)យកម៉ូតូរបស់ជនរងគ្រោះក្នុងខណៈដែលពួកគេប្រើកលល្បិចធ្វើជាអ្នកជិះម៉ូតូឌុបឱ្យឌុបពួកគេទៅដល់គោលដៅដែលគេគ្រោងទុកហើយ បក្ខពួកគេម្នាក់ចុះនៅគោលដៅនោះរីឯបក្ខពួកម្នាក់ទៀតធ្វើជានិយាយសុំខ្ចីម៉ូតូពីម្ចាស់មួយភ្លែតដើម្បីទៅយកអ្វីមួយ ។ ដោយការទុកចិត្តថា មានបក្ខពួកគេម្នាក់ស្ថិតនៅទីនេះ ម្ចាស់ម៉ូតូបានហុចសោម៉ូតូឱ្យខ្ចី ពេលបានម៉ូតូហើយជនសង្ស័យជិះយកទៅបាត់តែម្តង រីឯបក្សម្នាក់ទៀតក៏បានគេចខ្លួនពីទីនោះបាត់ដែរ។
-ជនងគ្រោះទាំងពីរនាក់នោះគឺ៖
១-ឈ្មោះ ប៊ិន រ៉ាត់ ភេទប្រុស អាយុ ៦៣ឆ្នាំ មានទីលំនៅភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
២-ឈ្មោះ សេក វណ្ណ ភេទប្រុស អាយុ៦៥ឆ្នាំរស់នៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបងខេត្តបាត់ដំបង។
-ម៉ូតូរបស់ជនរងគ្រោះម៉ាកហុងដាឌ្រីម សេ ១២៥ ពណ៌ខ្មៅ ចំនួន ០២គ្រឿង ។
ក្រោយពេលធ្វើសកម្មភាព និងអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្ដម ឧត្ដមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ បានដឹកនាំធ្វើការស្រាវជ្រាវជាបន្ទាន់ ដោយមានលោកវរសេនីយ៍ទោ ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកំរិតស្រាល ដឹកនាំសហការណ៍ជាមួយសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងរហូតឈានទៅកំណត់មុខសញ្ញាបាននិងដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ជនសង្ស័យជាមុខសញ្ញាធ្វើសកម្មភាពចំនួន០២នាក់ត្រូវបានឃាត់ខ្លួននោះគឺ៖
១-ឈ្មោះ ផន ដារ័ត្ន ភេទប្រុស អាយុ ៤៤ឆ្នាំ មានទីលំនៅភូមិអូរកំបុត ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
២-ឈ្មោះ អ៊ុក ថា ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិអូរកំបុត ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
-វត្ថុតាងដកហូតបានម៉ូតូរបស់ជនងគ្រោះទាំងពីរ
គ្រឿងប្រគល់ជូនម្ចាស់វិញក្រៅពីម៉ូតូនៅមានសម្ភារៈមួយចំនួនទៀតគឺ៖
– ស្លាកលេខម៉ូតូ ចំនួន ០៣សន្លឹក
– ឧបករណ៍សម្រាប់កឹបស្លាកលេខម៉ូតូ ចំនួន ០១
– តួណឺវីស ចំនួន ០៣
– ដង្កាប់ ចំនួន ០២
– កូនសោសម្រាប់ដោះគ្រឿងម៉ូតូ ចំនួន ០៤
បច្ចុប្បន្នការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កំពុងតែធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធីច្បាប់៕ដោយ៖កូឡាប