បន្ទាយមានជ័យ៖ មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ៦នាក់ទៀត បានរងរបួសធ្ងន់និង៦នាក់ផ្សេងទៀត រងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកជ្រូកបុកបង្កាន់ដៃស្ពានបានកើតឡើងនៅវេលាម៉ោង៣និង៤០នាទី នៅល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិ៥៨ ចំណុចស្ពានលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ២៣-២៤ ស្ថិតក្នុងភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក សែស វិបុល អធិការនគរបាលាស្រុកអូរជ្រៅ បានឲ្យដឹងថា៖រថយន្តបង្កគ្រោះថ្នាក់ដោយខ្លួនឯងនេះ ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ផ្លាកលេខ កំពង់ចាម. MA.8759 ជារថយន្តផ្ទុកទំនិញធន់ធ្ងន់ (ដឹកសត្វជ្រូក)បានបើកបរពីទិសខាងលិចទៅខាងកើត មានអ្នករួមចំនួន១៣នាក់ ។
លោកអធិការបានបញ្ជាក់ថា៖ នៅពេលដែលកំពុងបើកមកដល់ចំណុចចំណុចស្ពានលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ២៣-២៤ ស្ថិតក្នុងភូមិប្រាសាទ ឃុំអូរបីជាន់ រថយន្តបានវេរចង្កូតទៅខាងស្តាំបុកនឹងបង្កាន់ដៃស្ពានពេញទំហឹងរថយន្តបានផ្លោះបង្កាន់ដៃស្ពានជាប់ពាក់កណ្តាល ចំណែក្បាលរថយន្តបានធ្លាប់ទៅនឹងដីសង្កត់ស្លាប់អ្នករួមដំណើរម្នាក់ ចំនួន៦នាក់ បានរងរបួសធ្ងន់និង៦នាក់ទៀត របួសស្រាល ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែត ចំណែកអ្នកបើកបរក្រោយពីកើតហេតុបាន រត់គេចខ្លួនបាត់ស្រមោល ។
បច្ចុប្បន្នរថយន្តនគរបាលជំនាញចរាចរណ៍ស្រុករៀបចំស្ទូចយកមកទុកនៅអធិការដ្ឋាន នគរបាលស្រុក ដើម្បីរកម្ចាស់និងអ្នកបើកបរចូលខ្លួនមកដោះស្រាយតាមច្បាប់៕ ដោយ៖បញ្ញាស័ក្តិ