ករណីឆាបឆេះសន្ធោរសន្ធៅមួយបានកើតឡើងនៅកោះ Phi Phi ដែលជារមនីយដ្ឋានទេសចរណ៍ល្បីក្បាញ ប៉ែកខាងត្បូងប្រទេសថៃ ជាហេតុធ្វើឲ្យភ្ញៀវទេសចបរទេសមានការភ័យស្លន់ស្លោរយ៉ាងខ្លាំង។
អ្នកនៅក្នុងហេតុការបានឲ្យដឹងថា អណ្តាតភ្លើងចាប់ផ្តើមឆាបឆេះពីសណ្ឋាគារមួយលើកោះ Phi Phi ចំណុះខេត្ត Krabi រួចរាលដាលទៅកាន់តំបន់ជុំវិញនោះ។ អគ្គិភ័យនេះចាប់ផ្តើមកើតឡើងនៅអំឡុងម៉ោង ២១ យប់ថ្ងៃទី ៦ កុម្ភៈ ខណៈពេលដែលមានខ្យល់ខ្លាំងធ្វើឲ្យអណ្តាតភ្លើងបានឆេះរាលដាលសន្ធោរសន្ធៅយ៉ាងលឿន។ ពលរដ្ឋ និងភ្ញៀវទេសទេសចរបទេសនៅលើកោះពិតជាចលាចលដោយហេតុថា ពុំមានកងកម្លាំងពន្លត់អគ្គិភ័យមកជួយសង្គ្រោះឡើយ។
អាស្រ័យដោយសង្កេតឃើញអណ្តាតភ្លើងមានទំហំកាន់តែខ្លាំងឡើងៗ ហើយអាចបង្កជាគ្រោះថ្នាក់ស្មានពុំដល់នោះ ប្រសិនបើពុំមានការទប់ស្កាត់ទេ ហេតុនេះភ្ញៀវទេសចរបរទេស បានរួមកម្លាំងជាមួយពលរដ្ឋក្នុងតំបន់ស្វះស្វែងរកវិធីពន្លត់វា។ គេត្រូវចំណាយពេលអស់ជាង ៣ម៉ោង ទើបស្ថានការណ៍ត្រូវបានគ្រប់គ្រង។
ប្រភពព័ត៌មានបឋមមានមនុស្សយ៉ាងតិច ៩នាក់ ក្នុងនោះមានជនបរទេស ៦នាក់ បានរងរបួស ហើយអគារប្រមាណ ២០ខ្នងបានរងការខូចខាត។ គេនៅពុំទាន់ដឹងពីតម្លៃដែលត្រូវខាតបង់ដោយសារអគ្គិភ័យនេះឡើយ។
តាមរដ្ឋការនៅតំបន់មូលហេតុបង្កឲ្យមានអាគ្គិភ័យដោយសារតែផ្ទុះធុងហ្គាស។
នេះជាមេរៀនមួយសម្រាប់ការអភិវឌ្ឃន៍ទាំងឡាយគប្បីគិតគូរទុកជាមុន កុំឲ្យមានហេតុការណ៍កើតឡើងដូចករណីនៅកោះ PP នេះ៕ សូយន