គណៈកម្មការអូឡាំពិករដូវរងា ២០១៨ កំពុងប្រឹងប្រែងទប់ស្កាត់ការផ្ទុះឡើង របស់ Norovirus ដែលបណ្តាលឲ្យភ្នាក់ងារសន្តិសុខរាប់សិបនាក់ រងជំងឺនៅសល់តែប៉ុន្មានថ្ងៃ ដែលអូឡាំពិកនៅព្យុងចាង កូរ៉េខាងត្បូង នឹងចាប់ផ្តើមបើកសម្ភោធ។
ភ្នាក់ងារសន្តិសុខប្រមាណ ១.២០០នាក់ បានត្រូវបង្ខាំងទុកក្នុងបងន្ទប់ដើម្បីរង់ចាំធ្វើតេស្តរក virus ដែលមានកម្រិតរាតត្បាតខ្ពស់នេះ ។ សំដៅបង្គ្រប់ឲ្យភ្នាក់ងារសន្តិសុខបានខ្វះ កូរ៉េខាងត្បូងបានពង្រាយពលទាហាន ៩០០នាក់ ដើម្បីបំពេញភារកិច្ចជំនួសឲ្យភ្នាក់ងារសន្តិសុខខាងលើ។
ប្រភពពី Yonhap ឲ្យដឹងថា មានភ្នាក់ងារសន្តិសុខយ៉ាងតិច ៤៤នាក់ ត្រូវបានរកឃើញថា មាន virus ដែលបង្កឲ្យរលាកក្រពះ និងពោះវៀននេះ ហើយវាអាចចម្លងទៅអ្នកដទៃ។
ការផ្ទុះឡើងនៃ virus នេះហាក់ដូចជាប្រមូលផ្តុំមកលើកងកម្លាំងសន្តិសុខ ម្យ៉ាងទៀតពួកគេត្រូវបានរៀបចំឲ្យស្នាក់នៅដោយឡែកនាទីក្រុង ព្យុងយ៉ាង ដោយពុំលាយឡំនឹងពហុកីឡាដ្ឋានអូឡាំពិកឡើយ។
មូលហេតុជាក់លាក់នៅពុំទាន់វាយតម្លៃបានទេ។ ការប្រកាសឡើងដោយគណៈកម្មការរៀបចំព្យុងចាង ឲ្យដឹងថា សមត្ថកិច្ចកំពុងធ្វើការវាយតម្លៃប្រភពទឹក ស្បៀងអាហារ និងបណ្តាផ្នែកដែលរ៉ាប់រងការងារទាំងនេះ បំណងវាយតម្លៃបាននឹងមូលហេតុឡើយ។
គួរកត់សម្គាល់ថា វិធីដ៏មានប្រសិទ្ធភាពបំផុតដើម្បីទប់ស្កាត់ ប្រភេទ virus ដែលពុំទាន់មានវ៉ាក់សាំងការពារនេះ គឺការលាងសម្អាតដៃ និងរក្សាអនាម័យឯកជន។ បច្ចុប្បន្នគេបានបិទប្រកាស និងចែកចាយខិត្តបណ្ណ័ដើម្បីពន្យល់ប្រាប់អ្នកមកចូលរួមឲ្យមានការបង្ការការពារជាមុន។
ព្រឹត្តិការណ៍ដ៏ “រំខាន” នេះ បានកើតឡើង ខណៈនៅសល់តែ ២ថ្ងៃទៀត អូឡាំពិកព្យុងចាង នឹងបើកសម្ភោធ (ថ្ងៃទី ០៩ កុម្ភៈ) ហើយតាមមេដឹកនាំកូរ៉េខាងត្បូងឲ្យដឹងថា ប្អូនស្រីបង្កើតរបស់មេដឹកនាំកូរ៉េខាងជើង គឺនាង Kim Yo-jong ក៏នឹងមកចូលរួមពិធីសម្ភោធអូឡាំពិកនៅក្រុងសេអ៊ូលនេះដែរ។
វត្តមានរបស់ប្អូនស្រីបង្កើតមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន ពិតជាមានអត្ថន័យធំធេងណាស់ ដោយហេតុថា នាងនៅជាមន្ត្រីជាន់ខ្ពស់បក្សពលករថែមទៀតផង៕ ចន្ទ្រា