ខណៈពេលដែលគ្រោះរញ្ជួយដីកំពុងកើតឡើង បុរសជាស្វាមីម្នាក់បានស្ទុះពីតុ កំពុងអង្គុយយកខ្លួនឃាំងប្រពន្ធនិងកូនដែលកំពុងដេកលើគ្រែ ខណៈពេលដែលពិដានផ្ទះគាត់ត្រៀមបាក់ធ្លាក់ចុះ។
នៅយប់ថ្ងៃទី ៦ កុម្ភៈ នារីម្នាក់កំពុងដេកជាមួយកូនតូចនៅក្នុងបន្ទប់ នាផ្ទះរបស់គាត់ ស្ថិតក្នុងស្រុក Hualien ដែនកោះតៃវ៉ាន់ ខណៈពេលដែលគ្រោះរញ្ជួយដីកម្រិត ៦,៤រង្វាស់រិចទ័រ កំពុងកើតឡើង។ ប្តីរបស់នាងកំពុងអង្គុយធ្វើការជាមួយកុំព្យូទ័រក្នុងបន្ទប់ ស្រាប់តែគាត់ស្ទុះយកខ្លួនទៅបាំងប្រពន្ធនិងកូន ដើម្បីការពារពួកគេដោយសារតែការរញ្ជួយដីបានធ្វើឲ្យពិដានផ្ទះត្រៀមបាក់ធ្លាក់ចុះ។
គេពុំដឹងច្បាស់ថា ហេតុការណ៍បន្តចំពោះគ្រួសារនេះលទ្ធផលយ៉ាងណានោះទេ ប៉ុន្តែបើតាមឃ្លីបវីដេអូ ដែលគេយកបានពីកាមេរ៉ាឃ្លាំមើល រួចបង្ហោះឡើងបណ្តាញសង្គមនោះ គ្រួសារនេះបានឆ្លងផុតគ្រោះថ្នាក់ហើយ។
អ្វីៗដែលយើងបានឃើញក្នុងឃ្លីបនេះ ពិសេសទង្វើរបស់បុរសជាប្តីបានបង្ហាញឲ្យឃើញថា គេអាចស្លាប់ដើម្បីការពារមនុស្សដែលគេ…ស្រឡាញ់។
គួររំលឹកឡើងវិញថា គ្រោះរញ្ជួយដីនៅតៃវ៉ាន់ បានធ្វើឲ្យមនុស្សយ៉ាងតិច ៦នាក់ ស្លាប់ ២៥៨នាក់រងរបួស អគារចំនួន៤ត្រូវបាក់ស្រុត ហើយដោយឡែកនៅស្រុក
Hualien ហើយមនុស្សប្រមាណ ៦០នាក់ កំពុងបាត់ខ្លួន៕ សូយន