ភ្នំពេញ៖ ខ្សែការពារអគ្គិសនីកម្ពុជា អ៊ុច បញ្ញាសិទ្ធិ រំលឹកថា ស្ទើរតែសម្រេចចិត្តបោះបង់ការតស៊ូក្នុងបាល់ទាត់ទៅហើយ ក្រោយរងរបួសបាក់ឆ្អឹងកជើង ដែលធ្វើឲ្យគេមិនអាចបង្ហាញខ្លួនលើទីលានពេញមួយរដូវកាល២០១៩តែម្ដង។
អតីតសមាជិកថ្នាលយុវជនព្រះខ័នរាជស្វាយរៀងបង្ហើបថា កាលណោះមានអារម្មណ៍បាក់ទឹកចិត្តខ្លះដែរ ព្រោះគិតថា បញ្ហារបួសទំនងមិនអាចជាដូចដើម។ ប៉ុន្តែដោយសារការផ្ដល់យោបល់ពីក្រុមគ្រូពេទ្យ បូករួមទាំងការលើកទឹកចិត្តពីក្រុមគ្រួសារ ក្រុមគ្រូបង្វឹក និងសមាជិកក្លិបអគ្គិសនីកម្ពុជា គេបានព្យាយាមរក្សាកាយសម្បទា និងហ្វឹកហាត់រហូតអាចលេងឡើងវិញ យ៉ាងទៀងទាត់នៅរដូវកាល២០២០។
បញ្ញាសិទិ្ធពន្យល់ “៖ដំបូងរៀបបោះបង់ដែរ ព្រោះគិតថា មានរបួសប៉ុណ្ណឹងហើយមិនអាចដូចដើម១០០ភាគរយទេ តែក្រុមគ្រូបង្វឹក និងសមាជិកក្រុម ព្រមទាំងក្រុមគ្រួសារចេះតែលើកទឹកចិត្តរហូត។ ពេលខ្ញុំសម្រាកនៅពេទ្យ ខ្ញុំក៏ឧស្សាហ៍សួរពេទ្យ ហើយគាត់ថា សំខាន់លើសាមីខ្លួនដែលប្រឹងប្រែងព្យាបាលវាខ្លួនឯង។ ពេលបានចូលលេង១១នាក់ដំបូងវិញហ្នឹង ព្រោះខ្ញុំបានប្រឹងប្រែង និងថែរក្សាសាច់ដុំឲ្យល្អវិញ ហើយឲ្យឆ្អឹងដុះជិតវិញ មានទាំងការ gym អីជាដើម។ ពេទ្យបានជួយព្យាបាលយើងជាហើយ តែសំខាន់យើងប្រឹងរក្សាខ្លួនឯងដែរ។”
អតីតសមាជិកក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំទទូចថា កាយសម្បទារបស់គេមកដល់បច្ចុប្បន្ន មិនទាន់ពេញលេញ១០០ភាគរយ ពោលបាន៩០ភាគរយ ដូច្នេះគេនៅតែប្រឹងប្រែងពង្រឹងខ្លួនឲ្យកាន់ប្រសើរថែមទៀត។
គួរដឹងដែរថា អ៊ុច បញ្ញាសិទ្ធិ បានចូលរួមអគ្គិសនីកម្ពុជា ពីក្លិបនគរបាលជាតិ នៅដំណាច់រដូវកាល២០១៧៕
ប្រភព៖ CNCC
ដោយ ៖ វិឆ្ឆិកា