ភ្នំពេញ៖ មុនស្រូបទាញបានចំណាប់អារម្មណ៍ តាមរយៈការលេងនៅក្រុមធំព្រះខ័នរាជស្វាយរៀង និងជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ មួយរយៈចុងក្រោយនេះ ខ្សែបម្រើវ័យក្មេង មិន រតនៈ បង្ហើបថា បានឆ្លងកាត់ការតស៊ូយ៉ាងខ្លាំង ជាពិសេសព្យាយាមធ្វើតេស្ដសមត្ថភាពនៅតាមបណ្ដាក្រុមនានា។
កីឡាករវ័យ១៨ឆ្នាំរំលឹកថា មុនមកដល់ព្រះខ័នរាជស្វាយរៀង គេតែងតែតាមដានលើទំព័រ Facebook ដើម្បីស្វែងរកឱកាសធ្វើតេស្ដ តែមិនបានជាប់ដល់បញ្ជីចុងក្រោយឡើយ ពោលបានត្រឹមដំណាក់កាលទីមួយ ឬទីពីរប៉ុណ្ណោះ។
រតនៈ ប្រាប់ថា ពេលខ្លះមានអារម្មណ៍ធ្លាក់ទឹកចិត្តខ្លះដែរ តែនៅតែប្រកាន់ជំហរតស៊ូជានិច្ច។
មិន រតនៈ រំលឹកបែបនេះ “៖ធ្លាប់ធ្វើតេស្ដក្លិបផ្សេងៗពីមុនអត់ជាប់ មានអារម្មណ៍អន់ចិត្តដែរ ព្រោះទៅណាក៏គេមិនយក គេថា យើងតូចពេក។ ជាប់ត្រឹមដំណាក់កាលទីមួយ ឬទីពីរអីប៉ុណ្ណឹងក៏ធ្លាក់ទៅ។ ទាល់តែដល់២០១៨ ទើបបានជាប់តេស្ដ U19 ព្រះខ័នរាជស្វាយរៀង។ ដល់បានជាប់តេស្ដសប្បាយចិត្ត និងបានរួមចំណែកជួយក្រុមឈ្នះពានទៀត។ ដល់ឆ្នាំ២០១៩ ក៏បានជាប់ក្រុមធំ និងជាប់ជម្រើសជាតិ U18, U19 រឹតតែសប្បាយចិត្តទៀត។”
កីឡាករមានកំណើតខេត្តកំពង់ស្ពឺ តែរស់នៅក្រុងតាខ្មៅ ខេត្តកណ្ដាល អះអាងថា ការទទួលបានផ្លែផ្កាវិជ្ជមានបន្តបន្ទាប់ពិតជាលើសពីការរំពឹងទុក។ ជាក់ស្ដែង ក្នុងឆ្នាំ២០១៩ គេបានរួមចំណែកជួយព្រះខ័នរាជស្វាយរៀងឈ្នះ Metfone Cambodian League, មានវត្តមានក្នុងក្រុម U18 កម្ពុជាដែលឈ្នះវៀតណាម និងថៃ នៅ AFF U18 Championship និងរួមចំណែកក្នុងក្រុម U19 គោព្រៃ ឡើងទៅកាន់វគ្គចែកពូល AFC U19 Championship 2020។
លោក Conor Nestor គ្រូបង្គោលព្រះខ័នរាជស្វាយរៀងធ្លាប់ប្រាប់ CNCC ថា រតនៈ ជាកីឡាករដ៏ឆ្លាតវៃមួយរូប ដោយគេអាចទទួលបាល់ក្នុងតំបន់ចង្អៀត និងពូកែបោះបាល់សម្លាប់៕
ប្រភព៖ CNCC
ដោយ ៖ វិឆ្ឆិកា