ភ្នំពេញ៖ ប្រជាកសិករប្រមាណ១.០០០នាក់ ដែលមានជម្លោះដីធ្លីរាំរ៉ៃ មកពីខេត្តចំនួន៤ គឺស្វាយរៀង ត្បូងឃ្មុំ ព្រះសីហនុនិងកោះកុង បាននាំគ្នាឡើងតវ៉ាដល់មុខទីស្តីការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ដើម្បីស្នើឲ្យឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី ជួយដោះស្រាយ។
ប្រជាពលរដ្ឋទាំងនោះ មានបញ្ហាវិវាទដីធ្លីជាមួយក្រុមហ៊ុនឯកជន និងក្រុមហ៊ុនអភិវឌ្ឍន៍មួយចំនួន។
តំណាងពលរដ្ឋមកពីខេត្តត្បូងឃ្មុំ បានប្រាប់អ្នកសារព័ត៌មានថា ពួកគាត់មានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិនមួយជាច្រើនឆ្នាំមកហើយ ក្នុងនោះក៏មានពលរដ្ឋដែលសកម្មក្នុងការតវ៉ារឿងដីធ្លីនេះ ត្រូវជាប់ពន្ធនាគារ និងអ្នកខ្លះទៀត កំពុងជាប់បណ្ដឹងនៅតុលាការ។
ពួកសកម្មជនដីធ្លីទាំងនេះ បាននាំគ្នាបិទផ្លូវព្រះមុនីវង្សមួយសន្ទុះជំរុញឲ្យពន្លឿនដំណោះស្រាយដីធ្លីរបស់ពួកគេ។ តែក្រសួងរៀបចំដែនដី បានបដិសេធមិនទទួលធ្វើការដោះស្រាយឡើយ ដោយអះអាងថាការទាមទាររបស់ពលរដ្ឋទាំងនោះ មិនមានមូលដ្ឋានច្បាប់។
លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ មានប្រសាសន៍ប្រាប់កាសែតក្នុងស្រុកមួយថា ការដែលអាជ្ញាធររារាំងក្រុមប្រជាពលរដ្ឋមិនឱ្យដើរនោះ ដើម្បីរក្សាសណ្ដាប់សាធារណៈ និងបញ្ជៀសការកកស្ទះចរាចរណ៍។ បើគ្រាន់តែគោលបំណងក្នុងការស្នើសុំអន្តរាគមន៍ដោះស្រាយពីស្ថាប័នណាមួយ ដូចជា ការដាក់ញត្តិ ជូនដំណឹងផ្សេងៗ ដែលមិនចាំបាច់ប្រមូលផ្ដុំរហូតទៅដល់ច្រើន រហូតទៅដល់ប៉ះពាល់សណ្ដាប់សាធារណៈ ចរាចរណ៍ កកស្ទះផ្លូវ ឬអាចបារម្ភឈានទៅដល់បញ្ហាសន្តិសុខផ្សេងទៀត អ៊ីចឹងហើយបានជាយើង រៀបចំការងារហ្នឹងឱ្យមានសណ្ដាប់ធ្នាប់ល្អប្រសើរ។
បន្ទាប់ពីមានប្រជាពលរដ្ឋប្រមាណ១.០០០នាក់ បានលើកគ្នាតវ៉ានៅមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយទាមទារឱ្យក្រសួងនេះ រកដំណោះស្រាយចំពោះបញ្ហាដីធ្លីរបស់ពួកគេ ដែលអះអាងថា មានវិវាទដីធ្លីជាមួយក្រុមហ៊ុនមួយចំនួននោះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសមួយបញ្ជាក់អំពីជំហររបស់ខ្លួន ចំពោះការតវ៉ារបស់ប្រជាពលរដ្ឋទាំងនោះ ដែលអះអាងថា មានវិវាទដីធ្លី៕
ដោយ៖បញ្ញាស័ក្តិ