ខេត្តសៀមរាប៖ជនសង្ស័យម្នាក់ ធ្វើសកម្មភាពឆបោកមានស្ថានទំងន់ទោស ក្លែងជារើសបានលុយដុល្លារក្លែងក្លាយ ចំនួន៧០០ដុល្លារអាមេរិក និង ដុំមាសសំណរក្នុងថង់ពណ៌ក្រហម បង្ហាញទៅជនរងគ្រោះ ហើយនិយាយថាយើងចែកគ្នាស្មើ កុំអោយអ្នកណាដឹង ក្នុងគោលបំណង លួងលោមយកខ្សែកមាសពិត ពីជនរងគ្រោះ ត្រូវបានឃាត់ខ្លួន។
កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ជនរងគ្រោះ ឈ្មោះ ស វ ហ ភេទស្រី អាយុ ៦៤ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិវាល សង្កាត់ជ្រាវ ក្រុង-ខេត្ត សៀមរាប បានទៅផ្សារលើ ដោយមានពាក់ គ្រឿងអលង្ការ ដូចជាខ្សែក ខ្សែដៃ ជាប់នឹងខ្លួន ទៅដល់ចំនុចកន្លែងលក់បន្លែ បរិវេណផ្សារលើ ក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ខ្លួនកំពុងឈរទិញបន្លែស្រាប់តែមានជនសង្ស័យ ភេទស្រី បានទះស្មាខ្លួនមួយដៃ ហើយអោយខ្លួនឡើងជិះម៉ូតូទៅជាមួយគេ និងមានបក្ខពួកចំនួន២នាក់ជិះម៉ូតូ១គ្រឿងផ្សេងទៀត ពេលខ្លួនឡើងជិះលើម៉ូតូ ក៏មានអ្នករត់ម៉ូតូឌុបម្នាក់ ដែលរស់នៅផ្ទះជាប់គ្នាបាន ហៅខ្លួន ហើយចាប់ដៃខ្លួនចុះពីម៉ូតូ និងស្រែកហៅ អ្នកនៅក្បែរកន្លែងកើតហេតុ អោយជួយឃាត់ជនសង្ស័យ ភ្លាមៗនោះ នគរបាលផ្នែកសណ្តាប់ធ្នាប់និងចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ដែលឈជើងនៅខាងមុខផ្សារលើ បានសហការណ៍ជាមួយក្រុមសន្តិសុខផ្សារលើ ធ្វើការឃាត់ខ្លួន ជនសង្ស័យ នាំមកអធិការដ្ឋាននគរបាលក្រុងសៀមរាប ដើម្បីធ្វើការសាកសួរនាំ ។
ជនសង្ស័យឈ្មោះ ឡាត់ ស្រីរើន ហៅម៉ាប់ ភេទស្រី អាយុ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានឆ្លើយសារភាពថាខ្លួន ជាមួយ ឈ្មោះ រ៉ា និងឈ្មោះ ថន មិនស្គាល់ត្រកូល មានទីលំនៅរាជធានីភ្នំពេញ បានធ្វើសកម្មភាពយកលុយក្លែងក្លាយ ចំនួន៧០០ដុល្លារអាមេរិក និងសំណរ ដាក់ក្នុងថង់ពណ៌ក្រហមចំនួន០១ ដាក់ក្នុងកាបូបហើយបង្ហាញទៅជនរងគ្រោះ ដោយនិយាយថាចែកគ្នាម្នាក់១០០០ដុល្លារ កុំអោយអ្នកណាដឹង ក្នុងគោលបំណង លួងលោមយកខ្សែក ពីជនរងគ្រោះ។ ពេលជនរងគ្រោះជិះម៉ូតូជាមួយខ្លួនបានបន្តិច អ្នករត់ម៉ូតូឌុប ដែលធ្លាប់ស្គាល់ ជនរងគ្រោះបានហៅជនរងគ្រោះ និងចាប់ដៃជនសង្ស័យជាប់ ចំណែកបក្សពួកខ្លួន ឃើញរបៀបមិនស្រួលក៏គេចខ្លួនបាត់ ចំណែកខ្លួន ក៏ត្រូវបាន សមត្ថកិច្ចចាប់ឃាត់ខ្លួនបានតែម្តង ។ វត្ថុតាងដកហូតបាន ក្រដាសលុយ១០០ដុល្លារ(ក្លែងក្លាយ)ចំនួន៧សន្លឹក ដុំសំណមានពណ៌ដូចមាស ចំនួន៣ដុំតូចៗ ថង់ពណ៌ក្រហមចំនួន១ កាបូបចំនួន១។
យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ជនសង្ស័យនិងវត្ថុតាងត្រូវបាននគរបាលផ្នែកព្រហ្មទណ្ឌក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។ចំណែកបក្ខពួកជនសង្ស័យចំនួន២នាក់ទៀត មន្ត្រីនគរបាលយុត្តិធម៌ក្រុងសៀមរាបកំពុងធ្វើការស្រាវជ្រាវ កំណត់អត្តសញ្ញាណ ដើម្បីធ្វើការស្វែងរក ឃាត់ខ្លួនបន្តទៀត ៕ ដោយ៖បញ្ញាស័ក្តិ