Saturday, October 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុន្ទរកថា​គន្លឹះ​ចំនួន​៧​ចំណុច​របស់​សម្តេច ហ៊ុន សែន ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូល វេទិកា​សេដ្ឋកិច្ចពិភពលោក​ឆ្នាំ​២០២០ តាមរយៈ​ប្រព័ន្ធ​វីដេអូ​

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​រសៀល​ថ្ងៃ​អង្គារ ទី​២២ ខែកញ្ញា ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​ចូល​រួល​កិច្ចប្រជុំ​កំពូល​នៃ​វេទិកា​សេដ្ឋកិច្ចពិភពលោក​ឆ្នាំ​២០២០ តាមរយៈ​ប្រព័ន្ធ​វីដេអូ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ថ្លែង​នៅក្នុង​កិច្ចប្រជុំ​នេះ​ថា កិច្ចប្រជុំ​កំពូល​នេះ​ធ្វើឡើង​ក្រោម​ប្រធានបទ​៖ «​ការកសាង​ឆ្ពោះទៅមុខ​ប្រកបដោយ​ចីរភាព​នៅក្នុង​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​កំពុង​រីកចម្រើន​»​។​

​សុន្ទរកថា​គន្លឹះ​របស់​ប្រមុខ​រាជរដ្ឋាភិបាល បាន​បញ្ជាក់ថា ដើម្បី​ចែករំលែក​បទពិសោធន៍ និង​វិធាន​ការសំខាន់ៗ ក្នុង​គោលបំណង​សម្រេច ឲ្យ​បាន​នូវ​របៀបវារៈ​ឆ្នាំ ២០៣០ : ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​, នៅក្នុង​បរិការណ៍​មួយ ដែល ប្រទេស​ទាំងអស់​កំពុង​ខិតខំ​ប្រឹងប្រែង​ស្តារ​សេដ្ឋកិច្ច​របស់ខ្លួន​ឡើងវិញ ក្រោយពី​វិបត្តិ​នៃ​ជំងឺ កូ​វីដ​-១៩ ។​

​ពិតណាស់ថា ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ បាន និង​កំពុង​បង្កើន​ការព្រួយបារម្ភ និង ភាពមិនប្រាកដប្រជា​កា​ន់​តែ​ខ្លាំង​ឡើង ក្នុង​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ក្នុង​តំបន់ និង​សកលលោក ។ ការណ៍​នេះ បានធ្វើ​ឲ្យ​ការប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ក្លាយជា​បញ្ហា​រួម របស់​យើងទាំងអស់គ្នា ទោះបីជា​ប្រទេស​យើង​នីមួយៗ​កំពុង​ប្រឈម​នឹង​ការរីក​រាលដាល​នៃ​ជំងឺ កូ​វីដ​-១៩ នៅក្នុង​ដំណាក់កាល​ផ្សេងៗ​គ្នា​ក៏ដោយ ។

​សម្តេច​តេ​ជោ បាន​ថ្លែងថា នៅក្នុង​បរិការណ៍​នេះ​, ខ្ញុំ​សូម​លើកឡើង​នូវ​គំនិត​មួយចំនួន ដើម្បី​ឲ្យ​ប្រទេស​កំពុងអភិវឌ្ឍន៍​អាច​បន្ត​កសាង​អនាគត​ប្រកបដោយ​ចីរភាព ដូចខាងក្រោម ៖

​ទី​១. ការកាត់បន្ថយ​នូវ​ផលប៉ះពាល់ និង ធានា​លំនឹង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ជួយ​រក្សា​លំនឹង​ផលិតកម្ម​, កិច្ចដំណើរការ​នៃ​ធុរកិច្ច និង​ការវិនិយោគ​នានា គឺជា​ការងារ​ដ៏​សំខាន់​ដែល​រដ្ឋាភិបាល​នីមួយៗ ត្រូវតែ​ប្រឹងប្រែង​អនុវត្ត​ឲ្យ​បានជា​អតិបរិមា ។ ដើម្បី គោលដៅ​នេះ​, រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​វិធានការ​មុត​ស្រួច និង​បន្ទាន់ ចំនួន ៥ ជុំ រួចមកហើយ ហើយ​យើង​កំពុងតែបន្ត​តាមដាន​សភាពការណ៍ ប្រកបដោយ​ការយកចិត្តទុកដាក់ ខ្ពស់ ដោយ​ត្រៀម​ដាក់ចេញ​នូវ​វិធានការ​ជាក់ស្តែង​ថែមទៀត តាម​ការចាំបាច់ ។​

​ទី​២. ទស្សនវិជ្ជា​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា គឺ​ប្រែក្លាយ​ការគំរាមកំហែង​ពី​ជំងឺ​កូ​វីដ -១៩ ទៅជា​ឱកាស​សម្រាប់​ការកែទម្រង់​នៅក្នុង​ប្រទេស​នីមួយៗ ។ លើ​មូលដ្ឋាន​នេះ​, ខ្ញុំ​សូម​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា មិនបាន​បន្ថយល្បឿន​នៃ​ការងារ​កែទម្រង់​របស់ខ្លួន​នៅក្នុង​គ្រប់​វិស័យ​នោះឡើយ ផ្ទុយទៅវិញ​, គោលដៅ​របស់​យើង គឺ​បង្កើន​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា ។ តាមរយៈ​ការបង្ក​ភាពងាយស្រួល និង​ការបង្កើត​បរិយាកាស​អំ​ណោ​យ​ផល​ដល់​ការធ្វើ​ធុរកិច្ច និង​ការវិនិយោគ​នៅក្នុង​ប្រទេស ។​

​ទី​៣. ជំងឺ​កូ​វីដ​បាន​នាំមក​នូវ​ផលប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​សាធារណៈ ជាពិសេស​ចំណូល​រដ្ឋ ។ ការបាត់បង់​ចំណូល បានទាមទារ​ឲ្យ​រដ្ឋាភិបាល​ដាក់ចេញ​យន្តការ​ថ្មីៗ​ដើម្បី​កៀរគរ​ធនធាន​ហិរញ្ញវត្ថុ ដែល​អាច​យកមកប្រើ​ប្រាស់​ក្នុងការ​អភិវឌ្ឍ​នាពេល​អនាគត ។ ដើម្បី​សម្រេចបាន​គោលដៅ​នេះ ខ្ញុំ​យល់ឃើញថា ការចាប់​ដៃគូ​រវាង​វិស័យ​សាធារណៈ និង វិស័យ​ឯកជន គឺ ជា​យន្តការ​ស្នូល​មួយ​មិនអាច​ខ្វះ​បាន ដែល​នឹង​ជួយ​សម្រួល​ដោះស្រាយ​ការលំបាក​ផ្នែក​ហិរញ្ញវត្ថុ​របស់​ប្រទេស​កំពុងអភិវឌ្ឍន៍​, ទាំង​នៅក្នុង​អំឡុង និង​ក្រោយ​វិបត្តិ​នេះ ។​

​ទី​៤. នៅក្នុង​បរិការណ៍​ដ៏​លំបាក​នេះ​, ដើម្បី​ធានា​ជំរុញ​ការកែទម្រង់​របស់ខ្លួន​ទៅមុខ​, ប្រទេស​កំពុងអភិវឌ្ឍន៍​ត្រូវការ​ចាំបាច់​នូវ​កិច្ចសហការ​ជាស​កល ពោលគឺ​ការរក្សា​នូវ​ភាពជា​ដៃគូ​, ទាំង​ទ្វេភាគី និង​ពហុភាគី​, សំដៅ​ធានាបាន​នូវ​បរិស្ថាន​នៃ​ការអភិវឌ្ឍ​, សន្តិភាព និង​ស្ថិរភាព​ក្នុង តំបន់ និង​ពិភពលោក ។ ជាមួយគ្នានេះ​ផងដែរ​, ការពង្រឹង និង​រក្សាបាន​នូវ​រំហូរ​នៃ​ការវិនិយោគ , ទេសចរណ៍​អន្តរជាតិ និង រំហូរ​ដោយ​សេរី និង​រលូន នូវ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន ជាពិសេស ចរាចរណ៍​នៃ​ទំនិញ​ចាំបាច់ ដូចជា ស្បៀងអាហារ និង​បរិក្ខារ​ពេទ្យ គឺជា​កត្តា​ដ៏​សំខាន់​សម្រាប់​ធានា​ស្ថិរភាព , សុវត្ថិភាព​, លំនឹង​ជីវភាព​សង្គម និង​កិច្ចដំណើរការ​ឡើងវិញ​នៃ​ច្រវាក់​ផ្គត់ផ្គង់ និង​ផលិតកម្ម​, នៅក្នុង​កម្រិត​ប្រទេស​នីមួយៗ ក៏ដូចជា​ក្នុង​កម្រិត​តំបន់ និង​ពិភពលោក ។

​ទី​៥. យើងទាំងអស់គ្នា​ត្រូវតែ​បន្ត​ខិតខំ​ពង្រឹង​សកលភាវូបនីយកម្ម ដែល​កន្លងមក​បាន​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​បាន​បង្កើត​លក្ខខណ្ឌ​មិន​ធ្លាប់មាន សម្រាប់​ការកាត់បន្ថយ​ភាពក្រីក្រ និង​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន គ្រប់​ស្រទាប់វណ្ណៈ​។ ក្នុង​បរិការណ៍​នេះ​, យើង​ត្រូវតែ​ធានា​ឲ្យ​បាន​ថា យន្តការ​កិច្ចសហប្រតិបត្តិការ​រ​បស់​យើង នៅតែ​រក្សាបាន​នូវ​ស្មារតី​បើកចំហ និង​ការគាំទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ជាពិសេស ការ​ព​ន្លឿ​ន​ការតភ្ជាប់​រវាង​សង្គម និង​សេដ្ឋកិច្ច​របស់​យើង សម្រាប់​ជំរុញ​របៀបវារៈ​នៃ​ការអភិវឌ្ឍ​របស់​ប្រទេស​នីមួយៗ ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន ។​

​ទី​៦. ដោយ​មិន​បង្អែរ​បង្អង់​, យើង​ត្រូវ​នាំគ្នា​គិតគូរ​ជា​យុទ្ធសាស្ត្រ អំពី​កិច្ច​ការស្តារ និង ជំរុញ​ការ​ងើបឡើង​វិញ​នូវ​កំណើនសេដ្ឋកិច្ច , បន្ទាប់ពី​វិបត្តិ​កូ​វីដ​-១៩ ត្រូវបាន​បញ្ចប់​, តាមរយៈ ការ​ព​នឿន​នូវ​ការអនុវត្ត​ផែនការ និង​យន្តការ​នានា​ដែលមាន​ស្រាប់ និង​ដែល​ត្រូវបាន​រៀបចំ​បន្ថែម ឲ្យ​បាន​លឿន និង ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ។​

​ទី​៧. ក្នុង​កម្រិត​សកល​, យើង​ត្រូវតែ​បន្ត​ធានា​ឲ្យ​បាន​នូវ​និរន្ត​ភាព​នៃ​ការផ្តល់​ជំនួយ​របស់​អន្តរជាតិ ជាពិសេស ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ចំពោះ​ប្រទេស​កំពុង​អភិវឌ្ឍ ដើម្បី​បន្ត​ជំរុញ​ច​លន​ករ នៃ​ការងារ​កែទម្រង់​ប្រកបដោយ​ចីរភាព ដែលជា​របៀបវារៈ​ឆ្នាំ ២០៣០ នៃ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ។ ក្នុង​បរិការណ៍​នេះ​, ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​, ខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់ និង​ថ្លែងអំណរគុណ​ដល់ដៃ​គូ​អភិវឌ្ឍន៍​ទាំងអស់ ចំពោះ​ការផ្តល់​កិច្ចសហការ​ប្រកបដោយ​បុ​រេ​សកម្ម និង​ការ​ផ្តល់នូវ​ជំនួយ​ហិរញ្ញវត្ថុ និង​បច្ចេកទេស ដែល​បាន​ជួយ​ឲ្យ​កម្ពុជា​អាច​គ្រប់គ្រង ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ បាន​យ៉ាង​ល្អប្រសើរ ៕​ដោយ​៖​កូ​ឡាប​

×