ភ្នំពេញ៖ ចាប់តាំងពីចេះលេងបាល់ និងចូលហ្វឹកហាត់ត្រឹមត្រូវ រ៉ឹង ប៊ុនហៀង ធ្លាប់មានតួនាទីគោលជាខ្សែការពារ ជាពិសេសកាលលេងនៅបៀលប្រាយយូណាយធីតពីឆ្នាំ២០០៩ ដល់មុនផ្លាស់ទៅក្លិបក្រសួងការពារជាតិ (បច្ចុប្បន្នសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ) នៅដំណាច់រដូវកាល២០១៥។
សមាជិកក្លិបវិសាខារំលឹកថា ការផ្លាស់ប្ដូរនេះដោយសារកាលនោះខ្វះអ្នករ៉ាប់រងតំបន់ប្រយុទ្ធ ហើយក្រុមការងារគ្រូបានឃើញបច្ចេកទេសរបស់គេស័ក្ដិសម ទើបសម្រេចឲ្យប្ដូរពីការពារជាបណ្ដោះអាសន្ន តែក៏បន្តរហូតដល់បច្ចុប្បន្នតែម្ដង សូម្បីតែការលេងនៅជម្រើសជាតិ។
ប៊ុនហៀង រៀបរាប់បែបនេះ “៖លេងការពារតាំងពីក្មេង ដល់ពេលទៅទ័ព គ្រូឃើញបច្ចេកទេសយើងគ្រាន់បើ ហើយណាមួយខ្វះប្រយុទ្ធផង គ្រូក៏ឲ្យលេងបណ្ដោះអាសន្ន ហើយក៏ជាប់រហូតដល់ឥឡូវ។ ការលេងពីការពារទៅប្រយុទ្ធពិបាកដែរ ព្រោះត្រូវមានបច្ចេកទេស ញាក់, កិប, ទាត់ អ៊ីចឹងទៅ។ ប៉ុន្តែយើងចេះតែស្ដាប់គ្រូ គ្រូឲ្យព្យាយាមពង្រឹងបន្ថែមចំណុចទាំងអស់ហ្នឹង។ និយាយទៅ សូម្បីតែកាលគ្រូ Lee Tae-hoon (អតីតគ្រូបង្គោលជម្រើសជាតិកម្ពុជា) មកកាន់ជម្រើសជាតិដំបូង ខ្ញុំក៏លេងជាខ្សែការពារដែរ។”
ការលេងជាខ្សែប្រយុទ្ធ រ៉ឹង ប៊ុនហៀង បានរួមចំណែកយ៉ាងច្រើននៅអតីតក្លិបក្រសួងការពារជាតិ ដោយឈ្នះពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពីរលើក គឺនៅឆ្នាំ២០១៦ និង២០១៨ ហើយនៅតែអាចបន្តរក្សាកៅអីជម្រើសជាតិរហូតដល់ក្រោមការដឹកនាំពីអ្នកចាត់ការទូទៅ Keisuke Honda។
មុនផ្លាស់ទៅវិសាខានៅដើមរដូវកាល២០២០ កីឡាករមានកំណើតនៅខេត្តកណ្ដាលត្រូវបានគ្រូបង្គោលជម្រើសជាតិ Felix Gonzalez Dalmas ជ្រើសរើសជាកីឡាករលើសអាយុមួយរូបទៅជួយក្រុមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម២០១៩នៅហ្វីលីពីនដែលកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៤៕ ដោយ ៖ វិឆ្ឆិកា