Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​អាកាសចរណ៍​ពិភាក្សា​ពី​ការរៀបចំ​ផ្តល់​សច្ចាប័ន​អនុសញ្ញា Cape Town ស្តីពី ផលប្រយោជន៍​អន្តរជាតិ​នៅក្នុង​ចលនទ្រព្យ​

​ភ្នំពេញ​៖ រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​(SSCA), ក្រុមហ៊ុន Boeing Company និង​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃ​ម្សិលមិញ បាន​ពិភាក្សា​លើ​ការរៀបចំ​ផ្តល់​សច្ចាប័ន​អនុសញ្ញា Cape Town ស្តីពី ផលប្រយោជន៍​អន្តរជាតិ​នៅក្នុង​ចលនទ្រព្យ (​ទ្រព្យសកម្ម​)​។​

​អនុសញ្ញា​អន្តរជាតិ Cape Town ត្រូវបាន​រៀបចំឡើង​រួមគ្នា​ដោយ​វិទ្យាស្ថាន UNIDROIT និង​អង្គការ ICAO ហើយ​បានអនុម័ត​នៅ​ទីក្រុង ខេ​ប​ថោ​ន ប្រទេស​អា​ហ្វ្រី​ក​ខាងត្បូង​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០០១ ដែលមាន​គោលបំណង​សម្របសម្រួល​ដល់​ការផ្តល់​ហិរញ្ញប្បទាន​ជា​ទ្រព្យសកម្ម ឬ​ការជួល​អាកាសយាន និង​សម្ភារៈ​បរិក្ខារ​អាកាសច​រណ៍​។​

​ថ្វីបើ​អនុសញ្ញា​អន្តរជាតិ​នេះ​ជាទូទៅ​ត្រូវបាន​គេ​ប្រើ​ភាគច្រើន​នៅក្នុង​វិស័យ​អាកាសចរណ៍​ស៊ីវិល​ក៏ដោយ ក៏​អនុសញ្ញា​នេះ​អាច​អនុវត្តបាន​ផងដែរ​ចំពោះ​វិស័យ​ផ្សេងៗ​ទៀត ស្របតាម​ពិធីសារ​ខុសៗ​គ្នា​នៃ​អនុសញ្ញា ដូចជា រថភ្លើង អាវ​កាស រ៉ែ កសិកម្ម និង​បរិក្ខារ​សំណង់​ជាដើម ហើយ​រហូត​មកទល់ពេលនេះ​មាន​ប្រទេស​ចំនួន​៧៨​ប្រទេស​ហើយ​ដែល​បាន​ចុះ ផ្តល់​សច្ចាប័ន​គិត​ត្រឹម​ខែកក្កដា​ឆ្នាំ​២០២០​នេះ និង​ដោយឡែក​មាន​ប្រទេស​ចំនួន​១៦ នៅ​អាស៊ី​បានផ្តល់​សច្ចាប័ន រួមមានៈ Afganistan, Australia, Bangladesh, China, Fiji, India, Indonesia, Kazakstan, New Zealand, Malaysia, Mongolia, Myanmar, Pakistan, Singapore, Tajikistan and Vietnam​។

​កិច្ចពិភាក្សា​មានការ​ចូលរួម​ដោយ លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល និង លោក Patrick Murphy អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ដោយមាន​ការចូលរួម​ពី​តំណាង​ក្រសួង ស្ថាប័ន រដ្ឋ​ពាក់ព័ន្ធ​មួយចំនួន ដូចជា ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងការបរទេស​និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្រសួងយុត្តិធម៌ ក្រសួង​សាធារណការ​និង​ដឹង​ជញ្ជូន ក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល គយ​និង​រដ្ឋាករ ក្រុមហ៊ុន ប៊ូ​អ៊ីង និង​ក្រុមហ៊ុន​អាកាសចរ​កម្ពុជា​អង្គរ​អ៊ែរ​។

​កិច្ចប្រជុំ​ពិភាក្សា​ថ្ងៃនេះ​គឺ​ផ្តោតជាសំខាន់​ទៅលើ អត្ថប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា បន្ទាប់ពី​ចុះហត្ថលេខា​រួមមានៈ​-​ការកាត់បន្ថយ​ថ្លៃ​ចំណាយ​លើ​ការខ្ចី និង​ការទទួល​ហិរញ្ញប្បទាន​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​និង​កិច្ចប្រតិបត្តិការ​អាកាស​យាន​, កាត់បន្ថយ​ថ្លៃ​ចំណាយ​លើ​ការជួល​ឬ​ការទិញ​អាកាសយាន​និង​គ្រឿង​បរិក្ខារ​, បង្កើន​ជម្រើស​ហិរញ្ញប្បទាន​,​តម្លៃ​សំបុត្រ​មានតម្លៃ​ទាប​ជាង​មុន​, ជួយ​សម្រួល​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក មានលទ្ធភាព​អាច​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​ផ្សេងទៀត នៅលើ​ទីផ្សារ​អន្តរជាតិ​តាមរយៈ​ឱកាស​ទទួលបាន​ហិរញ្ញប្បទាន​សមភាព​។​

​កិច្ចពិភាក្សា​ទី​២ ផ្តោតលើ​ឧ​ត្ត​មា​នុ​វត្ត​ន៍​ក្នុង​ការរៀបចំ​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​។ ក្រៅពី​កិច្ចប្រជុំ​ពិភាក្សា​អនុសញ្ញា​នេះ ថ្នាក់ដឹកនាំ​ទាំងពីរ​ក៏បាន​លើកឡើង​ផងដែរ អំពី​កិច្ចការ​ទូទៅ​ពាក់ព័ន្ធ​នឹង​ស្ថាន​ការ​បច្ចុប្បន្ន ដូចជា​ជំងឺ​កូ​វីដ​-១៩ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ក៏បាន​សន្យា​នឹង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​កម្ពុ​ជា​បន្ថែមទៀត លើ​វិស័យ​អាកាសចរណ៍​តាមរយៈ​ការជួយ​ជា​អ្នកជំនាញ និង​ជួយ​ដល់​ការកសាង​នូវ​ឯកសារ​ចាំបាច់​មួយចំនួន​៕
​ដោយ​៖CEN


×