ខ្សែប្រយុទ្ធជើងចាស់សញ្ជាតិស៊ុយអែត Zlatan Ibrahimovic បានស៊ុតបញ្ចូលទីពីរគ្រាប់តែម្នាក់ឯង ក្នុងជ័យជំនះថ្ងៃបើកឆាករដូវកាលថ្មី២០២០-២១ លើក្រុម Bologna ២ទល់នឹងសូន្យ កាលពីថ្ងៃចន្ទ។
កីឡាករវ័យ៣៨ឆ្នាំដែលបានហៅខ្លួនគាត់ថាជា Benjamin Button នៅលើបណ្តាញព័ត៌មានសង្គម ហើយការស៊ុតបញ្ចូលទីពីរគ្រាប់តែម្នាក់ឯង បានធ្វើឲ្យគាត់កាន់តែមានអំនួតខ្លាំង សម្រាប់អាយុរបស់គាត់។ បុរសរឹងមាំខាងលើថ្លែងបន្ថែមថា គាត់ដូចជាព្រះអាទិទេពអ៊ីចឹងគ្មានអារម្មណ៍ថាខ្លួនឯង ចាស់បន្តិចណាឡើយ ហើយអាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ។ ការស៊ុតចូលនេះបាននាំក្លឹប បិសាចក្រហម ខ្មៅ AC Milan មិនដែលចាញ់សោះក្នុង១៥ប្រកួតជាប់ៗគ្នា។
គួររំលឹកដែរថា Zlatan ចាប់អាជីពដំបូងកាលឆ្នាំ១៩៩៩ លេងឲ្យក្លឹបក្នុងស្រុកកំណើត Malmo FF និងបន្តលេងឲ្យក្លឹបធំៗនៅអឺរ៉ុបជាច្រើនទៀតដូចជា Ajax Amsterdam Juventus Inter Milan FC Barcelona Paris Saint Germain Manchester United ក្រោយមកក៏បន្តទៅលេងនៅ LA Galaxy ក្នុងសហរដ្ឋអាមេរិក និងបច្ចុប្បន្នកំពុងលេងឲ្យក្រុមបិសាចក្រហម ខ្មៅ AC Milan។
សរុបជារួមរយៈពេល២១ឆ្នាំមកនេះ គាត់លេងបាល់ក្នុងក្លឹបអាជីព៥២៩ប្រកួត ស៊ុតចូល៣៨៣គ្រាប់ ចំណែកនៅក្នុងក្រុមជម្រើសជាតិស៊ុយអែត លេងបាន១១៦ប្រកួត ស៊ុតចូល៦២គ្រាប់ ក្នុងនោះគ្រាប់ដ៏អស្ចារ្យបំផុត គឺនៅពេលដែលគាត់ស៊ុតចូលក្រុមតោបី អង់គ្លេស និងត្រូវបានគេចាត់ទុកជាគ្រាប់ស៊ុត Bycicle Kick ល្អបំផុតគ្រប់សម័យកាល៕ ដោយ ៖ វិឆ្ឆិកា