ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានដំឡើង តួលេខនៃការព្យាករសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ ២០២០ ដោយផ្អែកលើភាពប្រសើរជាងមុន នៃផលិតកម្ម វិស័យកសិកម្ម និងការកើនឡើង នៃការនាំចេញផលិតផលមិនមែនសំលៀកបំពាក់ ដូចជាកង់ និង គ្រឿងអេឡិចត្រូនិច។
បច្ចុប្បន្នភាពនៃ ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (Asian Development Outlook Update)សម្រាប់ ឆ្នាំ២០២០ ដែលជារបាយការណ៍សេដ្ឋកិច្ចពិសេស ប្រចាំឆ្នាំ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ព្យាករពីការធ្លាក់ចុះ នៃផលិតផលក្នុងស្រុកសរុប របស់កម្ពុជាក្នុងឆ្នាំ ២០២០ ក្នុងរង្វង់ -៤.០% បើធៀបទៅនឹង -៥.៥% នៃការព្យាករកាលពីខែមិថុនាកន្លងទៅ ។
លោកស្រី Sunniya Durrani-Jamal នាយិកាប្រចាំប្រទេសកម្ពុជា របស់ធនាគារអភិវឌ្ឍន៍អាស៊ីបានមានប្រសាសន៍ថា ជំងឺរាតត្បាតបណ្តាលពីវីរុសកូរ៉ូណា ជាបញ្ហាប្រឈមពិភពលោក ដែលមិនធ្លាប់មានពីមុនមក ប៉ុន្តែជាសំណាងល្អ ប្រទេសកម្ពុជាមិនបានមានវិបត្តិផ្នែកសុខាភិបាលនោះទេ។ យើងរំពឹងថាកំណើនសេដ្ឋកិច្ចនឹងស្ទុះងើបឡើងវិញដល់ ៥,៩% នៅក្នុងឆ្នាំ ២០២១ ដោយសារកម្លាំងជំរុញ នៃគោលនយោបាយគាំទ្រ របស់រាជរដ្ឋាភិបាល ដើម្បីជួយដល់ជនក្រីក្រ និងការគាំទ្រផ្នែកហិរញ្ញប្បទាន ដល់សហគ្រាសធុនតូច និងមធ្យម។
វិធានការណ៍ទាំងនេះ រួមជាមួយនឹងការកែទម្រង់រចនាសម្ព័ន្ធ ដែលចាំបាច់ នឹងកាត់បន្ថយផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល នៃកូវីដ១៩ ទៅលើគ្រួសារ និង អាជីវកម្មនានា ហើយនឹងជួយឱ្យសេដ្ឋកិច្ចកម្ពុជាងើបឡើងខ្លាំងជាងមុនក្រោមកូវីដ១៩”។
ការធ្លាក់ចុះយ៉ាងខ្លាំង នៃការបញ្ជាទិញពីអឺរ៉ុប និងអាមេរិកខាងជើង បាននាំដល់ការបិទទ្វារនៃ រោងចក្រសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើង(GTF) ប្រហែល ១ភាគ៣ ក្នុងឆមាស ទី១ នៃឆ្នាំ ២០២០ ។ ប៉ុន្តែ កំណើននៃការផលិតកង់ និងគ្រឿងអេឡិចត្រូនិក បានជំរុញឱ្យការនាំចេញផលិតផល ក្រៅពីទំនិញកាត់ដេររបស់កម្ពុជាកើនឡើង ៣០,៣% ឆ្នាំលើឆ្នាំ ក្នុងឆមាសទីមួយនៃឆ្នាំ ២០២០។ កំណើនសរុបនៃផលិតផលឧស្សាហកម្ម ត្រូវបានព្យាករណ៍ថានឹងកើន ៥,១% ក្នុងឆ្នាំ ២០២០ ប្រសិនបើការនាំចេញនៃសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើង បន្តងើបឡើង។
កូវីដ១៩ ជះឥទ្ធិពលយ៉ាងខ្លាំងលើវិស័យទេសចរណ៍ នៅកម្ពុជា។ វាត្រូវបានរំពឹងថា នឹងមានការបើក ដំណើរការជាបណ្តើរៗឡើងវិញ នៅឆមាសទី ២ នៃឆ្នាំ ២០២០ ប៉ុន្តែវិស័យសេវាកម្មត្រូវបាន ព្យាករណ៍ថានឹងធ្លាក់ចុះ ១៥,១% ក្នុងឆ្នាំ ២០២០ ។ ការមកដល់នៃទេសចរអន្តរជាតិ បានធ្លាក់ចុះ ៩៨,១% ឆ្នាំលើឆ្នាំ នៅក្នុងត្រីមាសទី ២ ដែលបានបង្ខំឱ្យអាជីវកម្មជាង ៣.០០០ ត្រូវបិទទ្វារ ហើយកម្មករប្រមាណ ៤៥.០០០ នាក់បាត់បង់ការងារ។
ហានិភ័យនៅតែមាន ដូចជាការបន្តធ្លាក់ចុះ នៃឧស្សាហកម្មកាត់ដេរ និងសំណង់ និងការថយចុះនៃកសិផល ដោយសារមានភ្លៀងធ្លាក់តិច ក្នុងខែមិថុនានិងខែកក្កដា។ តម្រូវការអ្នកប្រើប្រាស់ ក៏អាចបន្ត ធ្លាក់ចុះដោយសារជំងឺរាតត្បាតនេះ។ ធនាគារអភិវឌ្ឍន៍អាស៊ី កំពុងគាំទ្រដល់ការឆ្លើយតប របស់រាជរដ្ឋាភិបាលកម្ពុជា ទៅនឹងជំងឺរាតត្បាតនេះ និងបានផ្តល់ហិរញ្ញប្បទានសម្បទានចំនួន ២៥០ លានដុល្លារ ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាល ពង្រីកការគាំពារសង្គម និងគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ។
ក្រោមយុទ្ធសាស្ត្រភាពជាដៃគូ ប្រចាំប្រទេសសម្រាប់ឆ្នាំ ២០១៩-២០២៣ ធនាគារអភិវឌ្ឍន៍អាស៊ីនឹងផ្តល់ជាប្រាក់កម្ចី ជំនួយឥតសំណង និងជំនួយបច្ចេកទេសចំនួន ១,៤៥ ពាន់លានដុល្លារ ដល់ប្រទេសកម្ពុជា ដើម្បីគាំទ្រការគ្រប់គ្រងវិស័យកសិកម្មនិងធនធានធម្មជាតិ ធ្វើឱ្យប្រសើរឡើងនូវស្ថានភាព រស់នៅទីក្រុងនិងជនបទ គាំទ្រហេដ្ឋារចនាសម្ព័ន្ធថាមពលកកើតឡើងវិញ ព្រមទាំងលើកកម្ពស់ការអប់រំ និងការអភិវឌ្ឍជំនាញ។ គំនិតផ្តួចផ្តើមទាំងនេះ មានគោលបំណងពង្រីកវិសាលភាពនៃការទទួលបានសេវាសាធារណៈ ក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា និងលើកកម្ពស់គុណភាពសេវាកម្ម ក៏ដូចជាការធ្វើឱ្យ ប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការវិនិយោគក្នុងប្រទេស។
ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវវិបុលភាព បរិយាប័ន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើតឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះមាន ៤៩ ប្រទេស មកពីតំបន់ខាងលើនេះ៕
ដោយ៖CEN