ប្រទេសកូរ៉េខាងមិនមានបំណងជួបជាមួយនឹងមន្ត្រីអាមេរិចទេ កំឡុងព្រឹត្តិការណ៏អូឡាំពិចរដូវរងា ដែលនឹងចាប់ផ្តើមធ្វើឡើងនៅកូរ៉េខាងត្បូងថ្ងៃសុក្រ ទី ៩នេះ។ នេះបើតាមការចេញផ្សាយរបស់សារព៌តមាន Reuters។
“ពួកយើងមិនដែលសូមអង្វរចរចារជាមួយអាមេរិចឡើយ នៅពេលខាងមុខក៏វានៅតែដូច្នេះដែរ”។ នេះបើតាមការចេញផ្សាយរបស់សារព៌តមានរដ្ឋកូរ៉េខាងជើង KCNA ដកស្រងសំដីរបស់លោក Cho Yong Sam អគ្គនាយកមន្ទីរអាមេរិចខាងជើងនៃ ក្រសួងការបរទេសកូរ៉េខាងជើង។
“ពួកយើងសូមបញ្ជាក់ឲ្យច្បាស់ថា ពួកយើងគ្មានបំណងជួបជាមួយមន្ត្រីអាមេរិចទេក្នុងកំឡុងការធ្វើដំណើររបស់ពួកយើងទៅកានប្រទេសកូរ៉េខាងត្បូង”។
លោកថ្លែងទៀតថា ការធ្វើដំណើររបស់គណៈប្រតិភូរបស់ពួកយើងទៅចូលរួមកីឡាអូឡាំពិចរដូវរងា គឺគ្រាន់តែដើម្បីចូលរួមអបអរនឹងការប្រកួតប៉ុណ្ណោះ ហើយដូច្នេះ ព្យុងយ៉ាងមិនមានបំណងប្រើប្រាស់កីឡាអូឡាំពិចជាយាន្តជំនិះនយោបាយនោះឡើយ។
សូមបញ្ជាក់ដែរថា បើតាមក្រសួងបង្រួមបង្រួមជាតិកូរ៉េខាងត្បូង បាននិយាយថា ប្អូនស្រីបង្កើតរបស់គីម ជុងអ៊ុន ឈ្មោះ គីម យូជុង មានគំរោងធ្វើដំណើរទៅកូរ៉េខាងត្បូងដើម្បីចូមរួមការបើកព្រឹត្តិការណ៏កីឡាអូឡាំពិក។
ការបើកព្រឹត្តិការណ៏នោះ ក៏នឹងមានការចូលរួមពីអនុប្រធានាធិបតីអាមេរិច មៃក៏ ផេនស៏ផងដែរ៕ សុភ័ក្ត្រ