Saturday, October 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីការបរទេស​កម្ពុជា វាយតម្លៃ​សភាពការណ៍​តំបន់ និង​អន្តរជាតិ និង​ភាព​តានតឹង​ប្រកបដោយ​គ្រោះថ្នាក់ ដែល​បង្កឡើង​ដោយ​ការប្រកួតប្រជែង រវាង​មហាអំណាច​ធំៗ​

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការ​អន្តរជាតិ បាន​ដឹកនាំ​កិច្ចប្រជុំ​ផ្ទៃក្នុង​មួយ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​និង​មន្ត្រីជាន់ខ្ពស់​របស់​ក្រសួង ដើម្បី​ត្រួតពិនិត្យ​ការងារ​ពាក់កណ្តាល​ឆ្នាំ​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។

​ឯកឧត្តម ប្រាក់ សុខុន បាន​មានប្រសាសន៍ថា កិច្ចប្រជុំ​បានធ្វើ​ការវិភាគ វាយតម្លៃ​សភាពការណ៍​តំបន់ និង​អន្តរជាតិ​ដែល​គ្របដណ្តប់​ដោយ​ផលប៉ះពាល់​ធ្ងន់ធ្ងរ នៃ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ មកលើ​វិស័យ​សុខាភិបាល សង្គមកិច្ច និង​សេដ្ឋកិច្ចពិភពលោក និង​ភាព​តានតឹង​ប្រកបដោយ​គ្រោះថ្នាក់​ដែល​បង្កឡើង​ដោយ​ការប្រកួតប្រជែង​រវាង​មហាអំណាច​ធំៗ​។
​ផ្តើមចេញពី​ស្ថានការណ៍​នេះ អង្គប្រជុំ​បានធ្វើការ​ពិភាក្សា ផ្លាស់ប្តូរ​ទស្សនៈ និង​កំណត់​ចេញ​នូវ​បន្ទាត់នយោបាយ វិធី និង​មធ្យោបាយ​ដែល​ត្រូវ​ចាត់ទុកថា​ប្រសើរ​បំផុត ដើម្បី​បន្ត​ការពារ​ផលប្រយោជន៍​របស់​ប្រទេសជាតិ​និង​ប្រជាជន​យើង ពោលគឺ​ការពារ​ឯករាជ្យភាព អធិបតេយ្យភាព បូរណភាព​ទឹកដី និង​បង្កលក្ខណៈ​អនុគ្រោះ ដើម្បី​ការពារ​សន្តិភាព ស្ថិរភាព និង​វិបុលភាព​។

​កិច្ចប្រជុំ​ក៏បាន​ត្រួតពិនិត្យ​ឡើងវិញ​នូវ​សមិទ្ធផល​ទាំងឡាយ​ដែល​សម្រេចបាន​ក្នុងការ​អនុវត្ត​ការងារ​ធំៗ​ទាំង​៥​របស់​ក្រសួង ដោយ​ផ្ដោត​ការយកចិត្តទុកដាក់​ជាពិសេស​លើ​ការងារ​កែទម្រង់​ផ្ទៃក្នុង រស់​រវើក និង​ស៊ីជម្រៅ​។ ក្នុងន័យនេះ អង្គប្រជុំ​បាន​គូស​រំលេច​អំពី​ការ​ប្រឈម និង​កាលានុវត្តភាព បណ្តា​សម្ពាធ​ទាំង​ក្នុង និង​ក្រៅ មកលើ​ការងារ​ប្រចាំថ្ងៃ និង​ពិភាក្សា​រិះរក​ដំណោះស្រាយ​នានា​ឆ្លើយតប និង​ការ​ប្រឈម​ទាំងនោះ ដើម្បី​កែសម្រួល​បណ្ដា​ការងារ និង​អាទិភាព​ឲ្យ​ស្រប​នឹង​ការវិវត្តន៍​បត់បែន​នៃ​សភាពការណ៍ បន្ត​លើកកម្ពស់​ជំនាញ​វិជ្ជាជីវៈ និង​បង្កើន​ប្រសិទ្ធភាព​ការងារ​។​
​សមាជិក​ព្រឹទ្ធសភា រដ្ឋសភា និង​តំណាង​ស្ថាប័ន​ដែលមាន​ផលប្រយោជន៍​ពាក់ព័ន្ធ ក៏បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ ក្នុងឋានៈ​ជា​ភ្ញៀវកិត្តិយស​៕
​ដោយ​៖​កូ​ឡាប​

 

×