ឌីជេ ណាណា ដែលគ្រប់គ្នាស្គាល់ច្បាស់តាមរយៈវីដេអូអប់រំយុវវ័យ និងផ្តោតទៅលើបញ្ហាស្នេហា គ្រួសាររបស់ស្ត្រីៗនោះ នាថ្ងៃទី២៣កញ្ញានេះ បានបង្ហោះវីដេអូមួយនៅក្នុងបណ្តាញសង្គមហ្វេសបុក មកណែនាំពីសមាជិកថ្មីដែលជាកូនប្រុសដំបូងនៃចំណងដៃអាពាហ៍ពិពាហ៍របស់នាងយ៉ាងគួរឲ្យខ្នាញ់។
ក្នុងវីដេអូនោះនាងបានរៀបរាប់ថា កូនប្រុសរបស់នាងមានឈ្មោះ បញ្ចនាដាវីន ហើយនាងនិងកូនប្រុសមានសុខភាពល្អជាធម្មតាទេ។ ជាការពិតណាស់នាងបានសម្រាលកូនតាំងពីថ្ងៃទី១៩កញ្ញាម្លេះ និងទើបតែមានពេលប្រាប់ដំណឹងល្អនេះទៅអ្នកគាំទ្រ ដោយសារតែរយៈពេល៥ថ្ងៃមកនេះ នាងនិងស្វាមីត្រូវចំណាយពេលទាំងស្រុងទៅលើកូនប្រុសជាទីស្រឡាញ់។ ក្នុងវីដេអូនោះផងដែរ ស្វាមីរបស់នាងក៏បាននិយាយរៀបរាប់បែបកំប្លែងលេងថា កូនប្រុសរបស់គាត់ គឺកូនវីនហៅអាតាឡនតន នៅពេលកើតមកមានទំងន់ជាង៣គីឡូក្រាម ហើយរយៈពេល៥ថ្ងៃមកនេះ ខ្លួនបានរៀនមេរៀនជាច្រើនក្នុងការធ្វើជាឪពុក ដោយរៀនគេងបិទភ្នែកបើកត្រចៀកចាំស្តាប់កូនយំ រៀនដូរកន្ទបទឹកនោមកូន រៀនក្រោកមួយម៉ោងម្តងជាដើម។
បន្ទាប់ពីបានបង្ហោះវីដេអូបង្ហាញមុខកូនប្រុសជាមួយស្វាមីយ៉ាងកក់ក្តៅនិងផ្អែមល្ហែមនោះ ក៏មានអ្នកគាំទ្រជាច្រើនបានចូលមកខមិនជូនពរ និងសរសើរថាមុខមាត់កូនប្រុសរបស់អាយដលពិតជាគួរឲ្យស្រឡាញ់ និងស្រស់សង្ហារដូចប៉ាប៉ាអីចឹង៕ ដោយ៖ កូលាប ក្រហម