ភ្នំពេញ៖ នៅ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នេះ ឯកឧត្ដម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានដឹកនាំកិច្ចប្រជុំ ស្ដាប់របាយការណ៍ ស្ដីពីការងារគ្រប់គ្រងវត្តមានជនបរទេស ដែលស្នាក់នៅព្រះរាជាណាចក្រកម្ពុជា តាមរយៈការពន្យាទិដ្ឋការ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានលើកឡងថា នាពេលបច្ចុប្បន្ននេះ ការគ្រប់គ្រងជនបរទេសមិនមែនអន្តោប្រវេសន្ត មានភាពងាយស្រួលបន្តិច ដោយសារតែអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបង្កើតឡើងនូវប្រព័ន្ធគ្រប់គ្រងទិន្នន័យ FPCS ដែលអាចឲ្យដឹងពីទិន្នន័យជនបរទេសស្នាក់នៅប្រទេសកម្ពុជា។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការគ្រប់គ្រងជនបរទេសដែលស្នាក់នៅក្នុងប្រទេស មានរយៈពេលយូរ នៅតែមានបញ្ហាខ្លះៗ ដូចជាបញ្ហាបច្ចេកទេសកត់ត្រាវត្តមាន និងការបំពេញបែបបទឯកសារសុក្រិត្យតាមច្បាប់ជាដើម។
នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយករង និងជាប្រធាននាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន៍ និងបច្ចេកវិទ្យា ក៏បានធ្វើសេចក្តីរាយការណ៍ ជម្រាបជូនអគ្គនាយកអន្តោប្រវេសន៍ អំពីវឌ្ឍនភាពនៃបច្ចេកទេស និងកិច្ចការគ្រប់គ្រងជនបរទែសមិនមែអន្តោប្រវេសន៍ ក្នុងរយៈពេលកន្លងមក និងបានលើកឡើង អំពីការខ្វះចន្លោះ ដូចជាបញ្ហាបច្ចេកទេស ដើម្បីកត់ត្រាវត្តមានជនបរទេសចេញ ចូល និងស្នាក់នៅក្នុងប្រទេសកម្ពុជាជាដើម។
នៅក្នុងឱកាសនោះដែរ ដើម្បីពង្រឹងការងារគ្រប់គ្រងជនបរទេស ឲ្យមានប្រសិទ្ធភាពកាន់តែប្រសើរឡើងថែមទៀត ឯកឧត្ដម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ក៏បានផ្តល់មតិណែនាំដល់អង្គភាពជំនាញត្រូវធ្វើយ៉ាងណាពង្រឹងផ្នែកបច្ចេកទេស ការផ្ទៀងផ្ទាត់វត្តមានជនបរទេសដែលចេញ ចូលប្រទេសកម្ពុជា និងជាពិសេស គឺទិន្នន័យជនបរទេសដែលត្រូវបានផ្តល់ទិដ្ឋការស្នាក់នៅយូរ។
ឯកឧត្ដម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ក៏បានបញ្ជាក់បន្ថែមថា ជាមួយនេះត្រូវព្រឹងឡើងវិញ នូវបែបបទនីតិវិធី ផ្អែកទៅតាមច្បាប់ក្នុងការផ្តល់ទិដ្ឋការស្នាក់នៅយូរ របស់ជនបរទេស ដោយផ្អែកលើគោលការណ៍ផ្តល់ផលប្រយោជន៍ ដល់ប្រទេសជាតិ៕ដោយ៖កូឡាប




