ភ្នំពេញ៖ ខ្សែប្រយុទ្ធវ័យក្មេង សុវណ្ណ ដូណា បានដើរតួយ៉ាងសំខាន់នៅពីរប្រកួតចុងក្រោយរបស់អង្គរថាយហ្គឺរ ដោយគេរកគ្រាប់ជ័យជម្នះលើនគរបាលជាតិ និងគិរីវង់សុខសែនជ័យ ដែលនេះក៏ជាការបង្ហាញខ្លួនលើកដំបូងក្នុងក្រុមធំសម្រាប់ការប្រកួតក្របខណ្ឌ Metfone Cambodian League។
លោក Yusuke Shinoda អ្នកចាត់ការក្លិបអង្គរថាយហ្គឺរឲ្យដឹងថា សុវណ្ណ ដូណា បានប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការហ្វឹកហាត់ជាមួយក្រុមធំកន្លងមក តាំងពីគេមានអាយុត្រឹម១៤ឆ្នាំ មិនថា មានសម្ពាធយ៉ាងណាទេ គេនៅតែផ្ដោតលើតួនាទី ព្រោះចង់លេង និងក្លាយជាកីឡាករដ៏ល្អម្នាក់ដែលអាចជួយក្រុមបាន។
ថ្នាក់ដឹកនាំក្លិបថ្លែងបែបនេះ “៖ នៅពេលគាត់មានអាយុ ១៤ ឆ្នាំ ខ្ញុំនិងគ្រូបង្វឹក Oriol បានឲ្យគាត់ទៅមើលការប្រកួត ហើយយើងហៅគាត់ចូលថាយហ្គឺរ។ កាលណោះគេមានវ័យត្រឹម១៤ឆ្នាំ តែជំនាញបច្ចេកទេសរបស់គេគឺអស្ចារ្យ បើយើងប្រៀបធៀបជាមួយក្មេងជំនាន់ក្រោយ។ យើងចង់ពង្រីកបាល់ទាត់នៅសៀមរាបភាគខាងជើងនៃប្រទេសកម្ពុជា។ នោះគឺជាហេតុផលដែលយើងបានចុះហត្ថលេខាជាមួយគាត់នៅពេលគាត់មានអាយុ១៤ឆ្នាំ ហើយវាក៏ជាភស្តុតាងរបស់យើងចំពោះមនុស្សគ្រប់គ្នា។ ប៉ុន្តែសម្រាប់គាត់ វាមិនមែនជាដំណើរងាយស្រួលទេរហូតដល់គាត់រកបានគ្រាប់បាល់ទាំងពីរគ្រាប់នេះ។
គាត់បានហ្វឹកហាត់យ៉ាងស្វិតស្វាញក្នុងក្រុមធំ។ ទោះបីគាត់បានទទួលសម្ពាធ ប៉ុន្តែគាត់តែងតែផ្ដោតលើការហ្វឹកហាត់ និងចង់លេង ព្រោះចង់ជួយថាយហ្គឺរ។
នៅពេលឱកាសមកដល់ គេបានត្រៀមរួចរាល់អស់ហើយទាំងផ្លូវកាយ និងផ្លូវចិត្ត ហើយក៏ត្រៀមខ្លួនរួចជាស្រេចដើម្បីរកគ្រាប់បាល់។ ខ្ញុំមានអារម្មណ៍រំភើបពេលគេប្រឹងប្រែងរកគ្រាប់បាល់។ វាមិនមែនជាអព្ភូតហេតុទេ។ ខ្ញុំរីករាយចំពោះការឆ្ពោះទៅមុខរបស់គេ។”
បច្ចុប្បន្នមានវ័យ១៦ឆ្នាំ សុវណ្ណ ដូណា ត្រូវបានអង្គរថាយហ្គឺរផ្ដល់កិច្ចសន្យាកាលពីពីរឆ្នាំមុន។ យ៉ាងណា ទោះគេធ្វើបានយ៉ាងល្អនាពេលថ្មីៗនេះ លោក Yusuke មិនទាន់ចង់ឲ្យអ្នកគាំទ្រចាត់ទុកដូណាជានិមិត្តរូប ឬ Idol ទេ ព្រោះចង់ឲ្យគេខិតខំបន្ថែមទៀត។
លោក Yusuke Shinoda អះអាងថា ក្លិបនៅតែបន្តជំរុញសុវណ្ណ ដូណា និងកូនក្រុមខ្លួនទាំងអស់ឲ្យកាន់តែរឹងមាំថែមទៀត ដើម្បីការរីកចម្រើនរបស់អង្គរថាយហ្គឺរ និងបាល់ទាត់ក្នុងខេត្តសៀមរាបទាំងមូល៕ដោយ ៖ វិឆ្ឆិកា