Saturday, November 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មាធិការ​ទី​៧ នៃ​រដ្ឋសភា ស្វែងយល់​អំពី​ស្ថានភាព​វិស័យ​អប់រំ​ក្នុង​បរិបទ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​នៅ ខេត្តបាត់ដំបង

​បាត់ដំបង​៖ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន គណៈកម្មាធិការ​ទី​៧ នៃ​រដ្ឋសភា គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចសាសនា វប្បធម៌ និង​ទេសចរណ៍ បានធ្វើ​ទស្សនកិច្ច និង​ការជួប​សំណេះសំណាល​ជាមួយ​ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​ជាមួយ​រដ្ឋបាល​ខេត្តបាត់ដំបង ដើម្បី​ស្វែងយល់​អំពី​ស្ថានភាព​វិស័យ​អប់រំ ក្នុង​បរិបទ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅ​សាលប្រជុំ​សាលាខេត្ត​បាត់ដំបង រសៀល​ថ្ងៃ​ពុធ ទី​២៣ ខែកញ្ញា ឆ្នាំ​២០២០​។

​ក្នុង​ដំណើរ​ទស្សនកិច្ច និង​ការជួប​សំណេះសំណាល​របស់​គណៈកម្មកា​រ​ទី​៧​នេះ ប្រព្រឹត្ត​ទៅក្នុង​គោលបំណង ដើម្បី​ស្វែងយល់​បន្ថែម​ពី​ផល​លំបាក​បង្កដោយ​វិបត្តិ​កូ​វីដ​១៩ លើ​គ្រឹះស្ថានសិក្សា​នៅតាម​មូលដ្ឋាន​ផ្ទាល់ និង​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​របស់​វិទ្យាល័យ ក្នុងការ​អនុវត្ត​ដំណើរ​ការបើក​ឡើងវិញ​ក្នុងដំណាក់កាល​ទី​២ ក៏ដូចជា​ស្តាប់​នូវ​បញ្ហា​ប្រឈម និង​សំណូមពរ​នានា​របស់​ថ្នាក់ដឹកនាំ​សាលា លោកគ្រូ អ្នកគ្រូ មុន​ឈានដល់​ការជួបប្រជុំ​ជាមួយ​គណៈ​អភិបាលខេត្ត និង​មន្ទីរអប់រំ នា​រសៀល​នេះ ដើម្បី​ពិភាក្សា​លើ​ទិដ្ឋភាព​ជារួម​នៃ​ស្ថានភាព​វិស័យ​អប់រំ​ក្នុង​ក្របខណ្ឌ​ខេត្តបាត់ដំបង​ផ្ទាល់ ។

​យោងទៅតាម​របាយការណ៍​របស់លោក យី សុង​គី ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តបាត់ដំបង បាន​មានប្រសាសន៍ថា ចាប់តាំងពី​ការផ្ទុះ​នូវ​ជម្ងឺ​កូ​វីដ​-១៩​នេះ​មក ក្រសួង​អប់រំ យុវជន និង​កីឡា ក៏បាន​ចេញ​គោលការណ៍​ដល់​មន្ទីរអប់រំ​ទូទាំងប្រទេស អនុវត្ត​ការបង្រៀន និង​ការសិក្សា​ពី​ចម្ងាយ តាមរយៈ​ប្រព័ន្ធ​អេឡិចត្រូនិក សម្រាប់​សិស្សានុសិស្ស​កម្រិត​ម​ត្តេ​យ្យ​សិក្សា បឋមសិក្សា និង​មធ្យមសិក្សា​ផងដែរ ។ ជា​លទ្ធផល​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្តបាត់ដំបង ក៏​ចាប់ផ្ដើម​អនុវត្ត​ចាប់តាំងពី​ថ្ងៃ​ប្រកាស​របស់​ក្រសួង​អប់រំ រហូតមកដល់​បច្ចុប្បន្ន នូវ​ការបង្រៀន និង​សិក្សា​ពី​ចម្ងាយ​នេះ ព្រមទាំង​អនុវត្ត​ការសិក្សា​បែប​ប្រពៃណី ដោយ​ការផ្ដល់​ជា​ឯកសារ​ជំនួយ​ដល់​សិស្សានុសិស្ស និង​ការបង្រៀន​ផ្ទាល់​លក្ខណៈ​សហគមន៍​ខ្នាតតូច សម្រាប់​សិស្សានុសិស្ស​ណា​ដែល​គ្មាន​លទ្ធភាព គ្មាន​ប្រព័ន្ធ​អេឡិចត្រូនិក​សម្រាប់ធ្វើ​ការសិក្សា​ពី​ចម្ងាយ​នេះ ។

​បច្ចុប្បន្ន​ខេត្តបាត់ដំបង បានធ្វើ​ការបើក​ឲ្យ​សាលារៀន​ថ្នាក់បឋមសិក្សា ថ្នាក់​វិទ្យាល័យ​ទី​៩ និង​១២​ដំណាក់កាល​ទី​២ ស្របទៅតាម​គោលការណ៍​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ទាំង​សាលា​រដ្ឋ និង​សាលា​ឯកជន ដោយ​គោរព​តាម​គោលការណ៍​ប្រតិបត្តិ​ស្ដង់ដារ​SOP ដោយ​រៀបចំ​បរិស្ថាន​សិក្សា​ប្រកបដោយ​សុវត្ថិភាព បរិ​យា​ប័ន្ន ផាសុកភាព សន្ដិសុខ សណ្ដាប់ធ្នាប់ និង​ការរក្សា​គម្លាត​សុវត្ថិភាព​ក្នុង​គ្រឹះស្ថានសិក្សា ដើម្បី​ធានា​ឲ្យ​បាន​សុវត្ថិភាព​សុខភាព​សិស្សានុសិស្ស​អំឡុងពេល​នៃ​ការរីក​រាលដាល​នូវ​ជម្ងឺ​កូ​វីដ​-១៩ ចំណែកឯ​ការសិក្សា​ពី​ចម្ងាយ​ក៏​នៅតែ​បន្ត​អនុវត្ត​ដដែល​។

​ក្នុងឱកាស​នេះ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចសាសនា វប្បធម៌ និង​ទេសចរណ៍ បានកត់សម្គាល់​ចំពោះ​ការគិតគូរ​ខ្ពស់​របស់​ថ្នាក់ដឹកនាំ​សាលា ក្នុងការ​ដាក់ចេញ​វិធានការ​ជា​ដំណោះស្រាយ​រួមគ្នា តាមរយៈ​ការរៀបចំ​ជា​ផែនការ​សកម្មភាព និង​បទបញ្ជាផ្ទៃក្នុង​របស់​សាលា​ផ្ទាល់ សម្រាប់​ការអនុវត្ត​គោលការណ៍​ណែនាំ​នានា ស្របតាម​ការណែនាំ​រប​ស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។

​ប្រតិភូ​គណៈកម្មការ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​នានា​ដែល​សម្រេចបាន​ក្នុង​ខេត្តបាត់ដំបង ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម​អភិបាលខេត្ត ជាពិសេស​លើ​វិស័យ​អប់រំ​ផ្ទាល់ តាមរយៈ​ការផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ការសហការ និង​គាំទ្រ​ដល់​មន្ទីរអប់រំ យុវជន និង​កីឡា លើ​កិច្ច​ការជំរុញ​ការផ្សព្វផ្សាយ​ណែនាំ អំពី​គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ​របស់​ក្រសួង​អប់រំ និង​ការណែនាំ​របស់​ក្រសួង​សុខ​ភិ​បាល ដើម្បី​ធ្វើយ៉ាងណា​ចូលរួម​ធានា​ឱ្យបាន​នូវ​សុខ​សុវត្ថិភាព​ទាំង​សិស្សានុសិស្ស និង​លោកគ្រូ អ្នកគ្រូ ក្នុងដំណាក់កាល​ទី​២ នៃ​ដំណើរ​ការបើក​សាលា​ឡើងវិញ​។​

​ក្រោយ​ស្តាប់​របាយការណ៍​ស្តីអំពី​ស្ថានភាព​អប់រំ​ទាំង​ក្នុង​មូលដ្ឋាន​ផ្ទាល់ និង​ក្នុង​ក្របខ័ណ្ឌ​ខេត្តបាត់ដំបង ពី​លោក​ប្រធាន​មន្ទីរអប់រំ យុវជន នង​កីឡា​ខេត្ត និង​ប្រធានការិយាល័យ​អប់រំ​ស្រុក ក្រុង ប្រតិភូ​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា បានកត់សម្គាល់​ឃើញថា​បទពិសោធន៍ និង​បញ្ហា​ប្រឈម​ដែល​ខេត្ត​នីមួយៗ បាន និង​កំពុង​ជួបប្រទះ​ក្នុងការ​ឆ្លើយតប​ទៅនឹង​ផល​លំបាក​បង្កដោយ​វិបត្តិ​កូ​វីដ​១៩ ហាក់​មិនមាន​ភាពខុសប្លែក​ពីគ្នា​ខ្លាំង​នោះទេ​។ បញ្ហា​ដែល​បានលើកឡើង​រួមមាន កត្តា​កម្រិត​ចំណេះដឹង​ផ្នែក​បច្ចេកទេស​ព័ត៌មានវិទ្យា​របស់លោក​គ្រូ​អ្នកគ្រូ កត្តា​មធ្យោបាយ និង​ឧបករណ៍​បង្រៀន​ពី​ចម្ងាយ​មិន​គ្រប់គ្រាន់ កត្តា​នៃ​ការបង្រៀន​តាម​អន​ឡាញ​មិន​ដូច​ការបង្រៀន​ដោយផ្ទាល់​ក្នុង​សាលា ហើយ​និង​កត្តា​ការសហការ​របស់​អាណា​ព្យាបាល និង​សិស្សានុសិស្ស​ផ្ទាល់​។

​ពាក់ព័ន្ធ​នឹង​ការលើកឡើង​អំពី​កត្តា​ប្រឈម​នានា ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​ទី​៧ បាន​មានប្រសាសន៍ថា​៖ «​ថ្វីបើ​បញ្ហា​ប្រឈម​ស្រដៀង​គ្នា ប៉ុន្តែ​វិធាន​ជា​ដំណោះស្រាយ គឺ​ទាមទារ​ឱ្យមាន​ការគិតគូរ រៀបចំ​ដោយឡែកៗ​ពីគ្នា ប្រកបដោយ​ភាពបត់បែន​ទៅតាម​ស្ថានភាព និង​ស្ថានការណ៍​ជាក់លាក់​ក្នុង​មូលដ្ឋាន​នីមួយៗ​។ រីឯ​ការអនុវត្ត​វិញ គឺ​ត្រូវ​ការធ្វើជា​ជំហានៗ ដោយមាន​ការថ្លឹងថ្លែង​ច្បាស់លាស់​ពី​ភាពចាំបាច់ និង​មាន​ការចូល​រួមសហកា​រ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​»​។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមូហភាព និង​ភាព​ច្នៃប្រឌិត​ខ្ពស់រ​
​បស់​លោកនាយក​សាលា លោក​ប្រធានការិយាល័យ និង​លោក​ប្រធាន​មន្ទីរ ក្នុងការ​ដាក់ចេញ​ជា​យន្តការ​ផ្សេងៗ ជា​ដំណោះស្រាយ​បន្តបន្ទាប់ ដើម្បី​សម្រេច​គោលដៅ​រួមមួយ​ក្នុង​ការបង្កើន​ប្រសិទ្ធភាព ការផ្តល់​ការអប់រំ​ក្នុង​បរិបទ​កូ​វីដ​១៩៕​ដោយ​៖​កូ​ឡាប​

 

×