កាល៧ឆ្នាំមុនថ្ងៃ១កញ្ញា២០១៣អតីតកីឡាកររបស់ Tottenham ម្នាក់បានផ្ទេរទៅលេងក្នុងលីគកំពូលអេស្ប៉ាញគឺ រៀលម៉ាឌ្រីដ ក្នុងតម្លៃបំបែកឯតទគ្គកម្មពិភពលោកនាពេលនោះ ៩៥លានផោនដែលជាតម្លៃមួយខ្ពស់បំផុតសម្រាប់កីឡាករម្នាក់ គេនោះគឺកីឡាករជម្រើសជាតិ វេលស៍ Gareth Bale។
គ្រាន់តែទៅដល់ភ្លាមនៅរដូវកាលដំបូងរបស់ខ្លួន ២០១៣-១៤ Bale ជួយក្លឹបមួយនេះលើកពាន Copa del Rey របស់អេស្ប៉ាញនិងពានទ្វីបអឺរ៉ុប UEFA Champions League ដោយគាត់បានស៊ុតបញ្ចូលទីនៅវគ្គផ្តាច់ព្រ័ត្រទាំងពីរ។
រដូវកាលបន្ទាប់២០១៤-១៥ គាត់ជួយក្លឹបរៀលម៉ាឌ្រីដឈ្នះ UEFA Super Cup និងជួយឲ្យក្លឹបឈ្នះពានរង្វាន់ក្លឹបបាល់ទាត់ពិភពលោកដែលគាត់បានស៊ុតបញ្ចូលទីទៀតផង។
អ្វីដែលកាន់អស្ចារ្យបំផុតនោះគាត់បានជួយឲ្យក្លឹបឈ្នះពានទ្វីបអឺរ៉ុប UEFA Champions League បីរដូវកាលជាប់ៗគ្នាពីឆ្នាំ២០១៦ដល់២០១៨ មិនតែប៉ុណ្ណោះនៅវគ្គផ្តាច់ព្រ័ត្រឆ្នាំ២០១៨គាត់ក៏ជាអ្នកស៊ុតចូលផងដែរ។ អ្វីដែលពិសេសនោះ Bale ត្រូវបានគេជ្រើសចូលទៅក្នុងក្រុមល្អបំផុតរបស់ UEFA នៅឆ្នាំ២០១៦ទៀតផង។
បើយើងមើលសមត្ថភាពរបស់គាត់ជាមួយក្រុមជម្រើសជាតិ វេលស៍ វិញក៏មិនធម្មតាដែរ ដោយបានបង្ហាញខ្លួនលើកដំបូងក្នុងឆ្នាំ២០០៦ គាត់មានវ័យត្រឹម១៧ឆ្នាំប៉ុណ្ណោះ ហើយបានក្លាយជាកីឡាករក្មេងជាងគេបំផុតតំណាងឲ្យជាតិ។
ចាប់តាំងពីនោះមកគាត់បង្ហាញខ្លួនឲ្យជម្រើសជាតិ វេលស៍ ៨០ប្រកួតស៊ុតចូល៣៣គ្រាប់ ដែលធ្វើឲ្យគាត់ក្លាយជាអ្នកស៊ុតចូលច្រើនបំផុត គ្រប់សម័យកាលរបស់ប្រទេស វេលស៍ មិនត្រឹមតែប៉ុណ្ណឹងទេ គាត់បានជួយប្រទេសរបស់គាត់ ឈានដល់វគ្គកណ្តាលផ្តាច់ព្រ័ត្រទៀតផងកាល យូរ៉ូឆ្នាំ២០១៦។
ដោយសារមើលឃើញពីគុណតម្លៃដ៏មហិមារបស់គាត់ ដូចខាងលើនេះហើយបានជាខ្ញុំនិពន្ធអត្ថបទនេះដោយផ្ទាល់ដៃ និងដាក់ចំណងជើងថា” រៀលម៉ាឌ្រីដ អគុណធម៌បំផុតក្នុងលោក” ដូចការលើកឡើងកាលពីថ្ងៃអង្គារ៍ ដោយភ្នាក់ងាររបស់គាត់ Jonathan Barnett ថាអ្នកគាំទ្ររៀលម៉ាឌ្រីដ គួរតែថើបទីលានដែល Bale បានដើរជាន់ ព្រោះគាត់បានលះបង់ជូនក្រុមស្តេចសនេះ ច្រើនណាស់តែចុងក្រោយត្រូវ រៀលម៉ាឌ្រីដ ទាត់ចោលដូចសំរាម។
គួរបញ្ជាក់ថា Gareth Bale ថ្មីៗនេះបានចាកចេញពី រៀលម៉ាឌ្រីដ មកចូលរួមជាមួយអតីតក្លឹបរបស់គាត់កាលពី៧ឆ្នាំមុនវិញ ហើយក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល៕ ដោយ ៖ វិឆ្ឆិកា