ក្នុងការប្រកួតដែលស្មើគ្នា សូន្យទល់នឹងសូន្យកាលពីថ្ងៃសៅរ៍សប្តាហ៍មុនរវាង ម្ចាស់ផ្ទះ Hellas Verona និងក្រុមភ្ញៀវ AS Roma នោះក្រុម Roma បានដាក់ឈ្មោះ Amadou Diawara ក្នុងក្រុមឈុតធំទាំង២៥នាក់ តែជាក់ស្តែងគាត់ចុះឈ្មោះក្នុងក្រុមយុវជនអាយុ២៣ឆ្នាំ នេះហើយជាកំហុសរដ្ឋបាលរបស់ពួកគេ។
AS Roma ក្រោយមកត្រូវបានពិន័យឲ្យចាញ់ Verona ៣-០ ដោយសារកំហុសផ្នែករដ្ឋបាលក្នុងការបន្ថែមកីឡាករដែលគ្មានឈ្មោះក្នុងបញ្ជី។
កីឡាករអន្តរជាតិហ្គីណេ Diawara អំឡុងពេលនោះគាត់លេងបាន៨៩នាទី។ សារព័ត៌មាន LA Gazzette dello Sport បានរំពឹងថាក្រុម Roma នឹងប្តឹងឧទ្ធរណ៍ចំពោះរឿងនេះ។
ក្រុមរបស់លោក Paolo Fonseca នៅសល់កន្លែងទំនេរក្នុងបញ្ជីឈ្មោះកីឡាករ២៥នាក់នឹងត្រូវបានគេដឹងថា ក្លឹបនឹងខ្នះខ្នែងលើរឿងនេះ ដោយចាត់ទុកវាជាកំហុសអចេតនាគ្មានបំណងរំលោភច្បាប់ទេ។
សូមបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលក្របខ័ណ្ឌលីគកំពូលអ៊ីតាលី Serie A ប្រើច្បាប់ដូចនេះ។ កាលឆ្នាំ២០១៦ក្លឹប Sassuolo ត្រូវបានខាងសហព័ន្ធបាល់ទាត់អ៊ីតាលីផ្នែកច្បាប់កំណត់ឲ្យចាញ់ Pescara ០-៣ ដូចគ្នានឹងរឿងរបស់ Roma នេះផងដែរ ក្រោមច្បាប់កីឡាករមិនមានឈ្មោះក្នុងបញ្ជីផ្លូវការណ៍៕ ដោយ ៖ វិឆ្ឆិកា