ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីថ្មីប្រចាំកម្ពុជា បានថ្លែងថា ឯកឧត្តមបានចំណាយពេលជាច្រើនឆ្នាំនៅកម្ពុជា និងក៏អាចនិយាយភាសាខ្មែរបានយ៉ាងច្រើន ហើយឯកឧត្តមបានមើលឃើញពីដំណើរការវិវត្តន៍ដ៏ឆាប់រហ័ស នៃប្រទេសកម្ពុជា និងទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងរុស្ស៊ី ដែលកំពុងរីកចម្រើនទៅមុខជាលំដាប់។
នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម អាណាថូលី បូរូវីក (ANATOLY BOROVIK) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្សីប្រចាំកម្ពុជា។
នៅក្នុងជំនួបព្រឹកមិញនេះ ឯកឧត្តម ANATOLY BOROVIK បានជម្រាបជូនសម្តេចតេជោ អំពីទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី គឺជាទំនាក់ទំនងដ៏ល្អ ដែលមានជាមួយគ្នាជាយូរមកហើយ។
ឯកឧត្តមបានមានប្រសាសន៍ថា ទំនាក់ទំនងការទូតមកទល់ពេលនេះ គឺមានរយៈពេល៦៤ឆ្នាំ ហើយនៅឆ្នាំក្រោយនេះគឺជាខួប៦៥ ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងរុស្ស៊ី។ នៅក្នុងបេសកកម្មការទូតនៅកម្ពុជានេះ ឯកឧត្តមនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើយ៉ាងណាដើម្បីពង្រឹងចំណងមិត្តភាព និងសហប្រតិបត្តិការដែលមានស្រាប់នេះ ឱ្យមានការរីកចម្រើនកាន់តែខ្លាំងឡើងថែមទៀត ជាពិសេសលើវិស័យ អភិវឌ្ឍន៍ធនធានមនុស្ស សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ការទូត និងវិស័យដទៃទៀត ដែលនាំមកនូវការរីកចម្រើនសម្រាប់ប្រទេសទាំង២។
ឯកឧត្តម ឧត្តម អាណាថូលី បូរូវីក (ANATOLY BOROVIK) បានថ្លែងអំណរគុណ និងអបអរសាទរ ចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីផងដែរ ចំពោះថ្ងៃខួបទី២៧ ឆ្នាំនៃថ្ងៃបង្កើត និងការប្រើប្រាស់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃនេះ។ តាមពិតទៅ អាណាថូលី បូរូវីក (ANATOLY BOROVIK) បានមកកាន់ប្រទេសកម្ពុជាយើងតាំងពីឆ្នាំ១៩៨៤ ដែលមកបម្រើការងារជាលេខាទូតរបស់ស្ថានទូតរុស្ស៊ី ។
ឯកឧត្តមបានចំណាយពេលជាច្រើនឆ្នាំនៅកម្ពុជា ហើយឯកឧត្តមក៏អាចនិយាយភាសាខ្មែរបានយ៉ាងច្រើនទៀតផង។ ឯកឧត្តម ANATOLY BOROVIK បានមើលឃើញពីដំណើរការវិវត្តន៍ដ៏ឆាប់រហ័ស នៃប្រទេសកម្ពុជា និងទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងរុស្ស៊ី ដែលកំពុងរីកចម្រើនទៅមុខជាលំដាប់។
សម្ដេចតេជោ បានយល់ស្របជាមួយនឹងអ្វីដែលឯកឧត្តមអគ្គរដ្ឋទូត បានលើកឡើងអំពីទំនាក់ទំនងល្អ រវាងកម្ពុជា និងរុស្ស៊ី និងបានថ្លែងអំណរគុណរដ្ឋាភិបាលរុស្ស៊ី ក៏ដូចជាប្រជាជនរុស្ស៊ី ដែលបានជួយដល់ប្រទេសកម្ពុជាកន្លងមក ជាពិសេសនៅក្នុងទសវត្សរ៍ ៨០ដែលកម្ពុជានាពេលនោះ កំពុងតែជួបវិបត្តិជាច្រើន បន្ទាប់ពីរំដោះពីរបបប្រល័យពូជសាសន៍ប៉ុល ពត មក។
“មានប្រទេសតិចតួចណាស់ ដែលទទួលស្គាល់កម្ពុជាក្នុងសម័យនោះ។ ប៉ុន្តែរុស្ស៊ីជាមិត្តដែលបានជួយកម្ពុជារហូតមក” សម្ដេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះ។
នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍អំពីជំនួយរបស់រុស្ស៊ីមកកម្ពុជា ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់ស្វែងរកសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ជាពិសេសការជំនួយលើវិស័យអប់រំ ដែលបានបណ្តុះបណ្តាលនូវធនធានមនុស្សល្អៗ សម្រាប់បម្រើការងារនៅក្នុងប្រទេសកម្ពុជា ដែលបានជួយជំរុញឲ្យកម្ពុជារីកចម្រើនរហូតមកដល់ពេលនេះ៕
ដោយ៖កូឡាប