Saturday, November 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ពោធិ៍សាត់ សម្របសម្រួល ដោះស្រាយ​បញ្ហា​ប្រឈម និង​សំណូមពរ​ជូន​ពលរដ្ឋ ១៨​ករណី​

​ពោធិ៍សាត់​៖ បើទោះបីជា ថ្ងៃនេះ​ជា​ថ្ងៃ​ឈប់សម្រាក ខួប​ឆ្នាំ​ទី​២៧ ទិវា​ប្រកាស​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ បាន​ប្រើប្រាស់​តួនាទី​ជា​អ្នកបម្រើ​ប្រជាពលរដ្ឋ ដោយបាន​ទទួល​សម្រប​សម្រួល ដោះស្រាយ​បញ្ហា​ប្រឈម ក៏ដូចជា​សំណូមពរ ជូន​បងប្អូន​ពុក​ម៉ែ​ប្រជាពលរដ្ឋ បាន​១៨​ករណី​។​

​កិច្ចសម្របសម្រួល​ខាងលើនេះ ធ្វើឡើង​នា​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២០​នេះ នៅវេលា​ទិ​កា​ក្នុង​សាលាខេត្ត​ពោធិ៍សាត់ ដោយបាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខេត្ត​, លោក លោកស្រី អភិបាលរង​ខេត្ត​, ថ្នាក់ដឹកនាំ​មន្ទីរ​ពាក់ព័ន្ធ​, អាជ្ញាធរ​ស្រុក​ក្រុង ឃុំ សង្កាត់ ភូមិ និង​បងប្អូន​ពុក​ម៉ែ​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។​

​ថ្លែង​ក្នុងឱកាស​នោះ ឯកឧត្តម ម៉ៅ ធនិន បានឱ្យដឹងថា នេះ​គឺជា​ទម្លាប់​នៅ​រៀងរាល់ថ្ងៃ​អង្គារ ឬ​ថ្ងៃ​សុក្រ ឯកឧត្តម​តែងតែ​ជួប​ជាមួយ​បងប្អូន​ពុក​ម៉ែ​ប្រជាពលរដ្ឋ ដើម្បី​ចូលរួមចំណែក​ជាមួយ​សុខទុក្ខ​ដោយផ្ទាល់​។ ថ្វី​ត្បិត​ថ្ងៃនេះ​ជា​ថ្ងៃ​ឈប់សម្រាក​ក៏ពិតមែន តែ​នេះ​ជា​តម្រូវ​ការចាំបាច់ នៅក្នុង​ស្ថានភាព​រស់នៅ​របស់​បងប្អូន​យើង​។ ជាទូទៅ​ឯកឧត្តម​តែងតែ​ប្រើប្រាស់​ឋានានុក្រម​២ គឺ​ទី​១-​ក្នុងនាម​ជា​អភិបាលខេត្ត សម្រាប់​សម្របសម្រួល​ដោះស្រាយ​បញ្ហា​ប្រឈម​ជូន​បងប្អូន​ពុក​ម៉ែ​ប្រជាពលរដ្ឋ ទៅលើ​ផ្លូវច្បាប់ និង​ទី​២-​ក្នុងឋានៈ​ជា​គ្រួសារ មាន​តួនាទី​ជា​បង ជា​ប្អូន ជា​កូន ជា​ក្មួយ និង​ជា​ចៅ​មួយ​ក្នុង​គ្រួសារ​ប្រជាពលរដ្ឋ ជាង​៥០​ម៉ឺន​នាក់​ទូទាំង​ខេត្ត ដើម្បី​ចូលរួម​សុខ​រួមទុក្ខ​ជាមួយ​ពួកគាត់​គ្រប់ពេលវេលា​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​បន្តថា ដើម្បី​ងាយស្រួល​ក្នុងការ​សម្រេច ឬ​ដោះស្រាយ​ផ្តាច់​ក្តី​ពាក់ព័ន្ធ​នឹង​ក្តីកង្វល់​ទាំងឡាយ​ទាំងពួង​របស់​បងប្អូន ដែល​មិនទាន់​ស្រឡះ​អារម្មណ៍​ស្រឡះ​ចិត្ត ក្នុង​ជីវរ​ភាព​រស់នៅ​ប្រចាំថ្ងៃ ឯកឧត្តម​សូម​ស្នើ​ដល់​បងប្អូន​ពុក​ម៉ែ​ប្រជាពលរដ្ឋ​ដែល​មានរឿង​ក្តីក្តាំ​ទាំងអស់ សូម​សម្តែង​នូវ​ការពិត​បង្ហាញ​ភាពស្មោះត្រង់ និង​ប្រកាន់យក​នូវ​ភាពយុត្តិធម៌ បើ​អត់​គឺ​ប្រាប់ថា​អត់ អ្នក​បំពាន​គេ​គឺ​ត្រូវ​ប្រាប់​ដោយ​ត្រង់ អ្នកយក​ដី​គេ​ត្រូវ​ឱ្យគេ​វិញ អ្នក​ជំពាក់​លុយ​គេ​ត្រូវ​សង​គេ ទាំងនេះ​គឺជា​សេចក្តីសុខ និង​ភាពថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​។​

​ឯកឧត្តម ម៉ៅ ធនិន បាន​លើកឡើងថា ប្រទេសជាតិ​មានច្បាប់ ហើយ​ច្បាប់​មនុស្ស គឺមាន​នៅក្នុង​ការអនុវត្ត​លើ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ដោយឡែក​ច្បាប់​កម្ម​ពារ​ក៏មានដែរ គឺ​សម្រាប់​អ្នក​កាន់​ព្រះពុទ្ធសាសនា​។ ត្រូវ​ចាំ​ថា​យើង​យក​ដី​គេ ពេល​នោះគេ​នឹង​ខឹង​យើង ចុះបើ​គេ​យក​ដី​យើង តើ​យើង​ខឹង​គេ​ដែរ​ឬក៏​អត់​? ត្រង់ចំណុច​នេះ​សូម​បងប្អូន​ពុក​ម៉ែ​ប្រជាពលរដ្ឋ​ពិចារណា កុំ​បំពាន​គ្នា និង​កុំ​បន្ត​រំលោភសិទ្ធិ​គ្នា​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​បន្ថែមទៀតថា ពាក់ព័ន្ធ​នឹង​បញ្ហា​ផ្លូវច្បាប់ អ្វីដែល​យើង​បំពាន​គេ ពេលនោះ​គឺមាន​តែ​ខាតបង់​ពេលវេលា ប្រាក់​កាក់​ដោយ​ឥតប្រយោជន៍ និង​បំផ្លាញ​សេចក្តីសុខ​ក្នុង​ក្រុមគ្រួសារ​។ ក្រោយ​ពេលដែល​យើង​ជួបគ្នា​ហើយ​នេះ សូមឱ្យ​បងប្អូន​ពុក​ម៉ែ​ប្រជាពលរដ្ឋ បោះបង់ចោល​នូវ​រឿងរ៉ាវ​ទាំងអស់ ដោយ​រួមគ្នា​កសាង​អំពើ​ល្អ សាបព្រោះ​នូវ​សេចក្តី​ល្អ ពូជ​ល្អ និង​ទង្វើរ​ល្អ ដើម្បី​សន្សំ​យក​ផល​បុណ្យ​ទៅ​ថ្ងៃ​អនាគត​។​

​ផ្អែក​តាម​ការសម្របសម្រួល រយៈពេល​ជិត​៦​ម៉ោង ពោលគឺ​ចាប់ពី​ម៉ោង ៩​និង​០០​នាទី​ព្រឹក រហូតដល់​ម៉ោង ២​និង​៤៥​នាទី​រសៀល ឯកឧត្តម ម៉ៅ ធនិន រួមជាមួយ​ថ្នាក់ដឹកនាំ និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ដោះស្រាយ​សំណុំរឿង ជូន​បងប្អូន​ពុក​ម៉ែ​ប្រជាពលរដ្ឋ បាន​ចំនួន​១៨​ករណី ដែល​ក្នុងនោះ​មាន​៖ បញ្ហា​ទំនាស់​ដីធ្លី បញ្ហា​ទំនាស់​ក្រុមគ្រួសារ បញ្ហា​កម្ចី​ប្រាក់ បញ្ហា​បរិហារកេរ្តិ៍ ស្នើសុំ​ធ្វើ​ប្លង់​កម្មសិទ្ធិ ស្នើសុំ​ធ្វើ​សំយាប យោធិន​ពិកា​ស្នើសុំ​ស័ង្កសី ស្នើសុំ​ស្បៀង និង​ទំនាស់​ផ្សេងៗ​។​

​គួរ​បញ្ជាក់ថា នេះ​គឺជា​ទម្លាប់​ដែល​ឯកឧត្តម​អភិបាលខេត្ត​ពោធិ៍សាត់ តែងតែ​អនុវត្តន៍​ជារឿយៗ ជាមួយ​បងប្អូន​ពុក​ម៉ែ​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត តាំងពី​ឯកឧត្តម​បានមក​ដឹកនាំ​យន្តការ​នៅក្នុង​ខេត្ត បាន​ជាង​៦​ឆ្នាំ​មកនេះ​។ ហើយ​នេះ​គឺជា​ការឆ្លើយតប​ថ្មី​មួយ តាម​ការណែនាំ​របស់​ក្រសួងមហាផ្ទៃ ដែល​ស្នើឱ្យ​រដ្ឋបាល​រាជធានី​ខេត្ត យកចិត្តទុកដាក់​តាម​ដាន​ព័ត៌មាន និង​ធ្វើការ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ ឱ្យ​បានល្អ​ត្រឹមត្រូវ ប្រកបដោយ​តម្លាភាព និង​យុត្តិធម៌​៕​ដោយ​៖​កូ​ឡាប​

 

×