ភ្នំពេញ៖ កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក និងខណ្ឌជ្រោយចង្វា នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ៧នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន រួម និងដកហូតបានក្រាមពណ៍សថ្លា ៣៤កញ្ចប់ ធំល្មម ៣កញ្ចប់ ក្នុងនោះមានក្មេងមិនទាន់គ្រប់អាយុ ១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់ជូនមន្ទីរសង្គមកិច្ចដើម្បីគ្រប់គ្រងវិញ ។
អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ថា ពួកគេទាំង ៧នាក់ នេះមាន៖ ១.ឈ្មោះ កាន រតនា ហៅ ម៉ាំង ភេទប្រុស អាយុ ១៣ឆ្នាំ(ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់ជូនមន្ទីរសង្គមកិច្ចជាអ្នកគ្រប់គ្រងវិញ) ២.ឈ្មោះ ព្រឿន ភារុណ ភេទប្រុស អាយុ ១៨ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌទូលគោក ធ្វើការបង្ក្រាបបាន កាលពីវេលាម៉ោង១៤:៣០នាទី នៅចំណុចប្លុករោងចក្រឆ្នាំងផ្លូវដែកភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ៣.ឈ្មោះ សន វាសនា ភេទប្រុស អាយុ ៣៥ឆ្នាំ ៤.ឈ្មោះ សុខ ជា ភេទប្រុស អាយុ ២៥ឆ្នាំ ៥.ឈ្មោះ ប្រាក់ ទិត្យ ភេទប្រុស អាយុ ២០ឆ្នាំ ៦.ឈ្មោះ អៀម រតនា ភេទប្រុស អាយុ ១៨ឆ្នាំ ៧.ឈ្មោះ ធី សីលា ភេទប្រុស អាយុ ២៥ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វា សហការជាមួយសមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបាន កាលពីវេលាម៉ោង១៣:៤០នាទី នៅចំណុចបុរីមេគង្គរ៉ូយ៉ាល់ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
បច្ចុប្បន្ន ពួកគេទាំង ៦នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕ ដោយ៖បញ្ញាស័ក្តិ