ភ្នំពេញ៖បុរសម្នាក់បើកបរក្នុងស្ថានភាពស្រវឹងជោក បើករថយន្តទៅបុកនឹងបង្គោលភ្លើងបំភ្លឺផ្លូវបណ្ដាលឱ្យរងការខូចខាតរថយន្តផ្ទៃខាងមុខទាំងស្រុង ចំណែកឯតៃកុងរងរបួសធ្ងន់បញ្ជូនយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ។
ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង ១០ និង ៣០ នាទីយប់ ថ្ងៃព្រហស្បត៏ទី ២៤ ខែកញ្ញា ឆ្នាំ ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ ១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសខាងលើ បើករថយន្តម៉ាក lexus RX300 ពណ៌ខ្មៅមួយគ្រឿង ដែលពាក់ផ្លាកលេខ ភ្នំពេញ 2-K 1642 បើកបរក្នុងស្ថានភាពស្រវឹងជោក ធ្វើដំណើរក្នុងទិសដៅពីជើង ក្នុងល្បឿនលឿន បម្រុងបត់ឆ្វេងឡើងទៅខាងកើតវិញ ខណៈមកដល់ចំណុចកើហេតុ ក៏ជ្រុលទៅបុកបង្គោលភ្លើងពេញទំហឹង បណ្តាលឲ្យខ្ទាតរថយន្តផ្ទៃខាងមុខទាំងស្រុង ចំណែកឯតៃកុងរថយន្តរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ។
ក្រោយពេលកើតហេតុសមត្តកិច្ចសហការនឹងជំនាញទាក់ទងទៅខាងចរាចរណ៍ជំនាញក្រុង ឲ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុ យករថយន្តទៅរក្សាទុកនៅចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយនៅពេលក្រោយ ៕ដោយ៖សា មេត