ភ្នំពេញ៖ទម្រាំអាចឈានជើងចូលបាល់ទាត់លក្ខណៈអាជីព ខ្សែការពារវ័យក្មេង នី សុខរី របស់ព្រះខ័នរាជស្វាយរៀងបានឆ្លងការឧបសគ្គដ៏ពិបាកបំផុតមួយ ដោយត្រូវឪពុករារាំង ព្រោះខ្លាចកូនប្រុសមានគ្រោះថ្នាក់។
កីឡាករមានកំណើតនៅខេត្តកណ្ដាលរំលឹកថា គេចេះលេងបាល់តាំងពីនៅកម្រិតបឋមសិក្សា ហើយថែមទាំងធ្លាប់ប្រកួតដណ្ដើមពានរង្វាន់ទៀតផង តែក្រោយមកផ្អាកមួយរយៈធំដោយសារឪពុកហាមប្រាមខ្លាំងពេក។
លុះដល់រៀនវិទ្យាល័យ គេបានលួចទៅហ្វឹកហាត់ និងលេងសាជាថ្មីមិនឲ្យឪពុកដឹងឡើយ។ ដល់ឆ្នាំ២០១៩ គេបានចូលហ្វឹកហាត់នៅថ្នាលយុវជនព្រះខ័នរាជស្វាយរៀង ហើយក៏ត្រូវបានគ្រូបង្គោលក្រុមធំ លោក Conor Nestor ផ្ដល់កិច្ចសន្យាអាជីពនៅឆ្នាំ២០២០នេះតែម្ដង។ ខ្សែការពារូបនេះបង្ហើបថា ការព្យាយាមកន្លងមក ក៏មានការរួមចំណែកលើកទឹកចិត្តពីម្ដាយផងដែរ។
សុខរី រៀបរាប់បែបនេះ “៖ កាលនៅបឋមចេះតែលួចលេង ព្រោះមានពានសាលា តែប៉ាអត់ឲ្យលេង ព្រោះខ្លាចមានរបួស អ៊ីចឹងប្អូនឈប់លេងរហូត ដល់រៀនវិទ្យាល័យ ក៏ចេះតែលួចលេង និងលួចហាត់ទៀត ជាពិសេសបានទៅហាត់នៅស្វាយរៀង បានមួយឆ្នាំ ក៏ត្រូវបានគ្រូ Conor ហៅចូលក្រុមធំចុះកុងត្រាតែម្ដង។ កម្លាំងចិត្តសំខាន់ គឺបានពីម៉ាក់។ ម៉ាក់ថា ទោះប៉ាមិនឲ្យលេង ក៏នៅតែត្រូវប្រឹង ព្រោះយើងស្រលាញ់ពីតូចអ៊ីចឹង យើងត្រូវតែប្រឹងឲ្យបានល្អ។”
នី សុខរី ទទួលស្គាល់ថា ត្រូវសម្រួចបទពិសោធច្រើនបន្ថែមទៀត ទាំងកាយសម្បទា និងបច្ចេកទេសដើម្បីមានឱកាសបង្ហាញខ្លួនបានច្រើននៅក្រុមធំ។ យ៉ាងណា គេក៏ពេញចិត្តចំពោះការខិតខំប្រឹងប្រែងកន្លងមក និងតាំងចិត្តជម្នះឧបសគ្គដើម្បីបំពេញក្ដីស្រមៃ និងឈានទៅជោគជ័យក្នុងអាជីព៕ ដោយ ៖ វិឆ្ឆិកា