ក្រុងព្រះសីហនុ៖ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បើកប្រតិបត្តិការបង្ក្រាបករណីចាប់ជំរិតជនជាតិចិន ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន២នាក់ និងបានរំដោះជនរងគ្រោះបានម្នាក់នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចកាស៊ីណូខ្សាច់មាសអន្តជាតិ ស្ថិតក្នុងភូម៤ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ បានប្រាប់ថា ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងលោក គួច ចំរើន ប្រធានគណៈបញ្ជាការឯកភាពខេត្ត ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាខេត្តលោក សៀង សុខ ផងដែរ។
លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានបន្តថា ជនសង្ស័យទាំង២នាក់ គឺ ឈ្មោះ WAING AI MING ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកផ្នែកទីផ្សារក្រុមហ៊ុនអិនធឺណេត ស្នាក់នៅភូមិ៣ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ និងឈ្មោះ ទូច សំណាង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៤ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ។
ចំណែកជនរងគ្រោះឈ្មោះ CAI CHANGCHUN ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកកាស៊ីណូ ស្នាក់នៅភូមិ១ សង្កាត់លេខ១ ក្រុងខេត្តព្រះសីហនុ។ កម្លាំងអាវុធបានដកហូតវត្ថុតាងរួមមាន៖ ទូរស័ព្ទដៃចំនួន ៤គ្រឿង ប័ណ្ណបើកបរចំនួន ១សន្លឹក អត្តសញ្ញាណជនជាតិខ្មែរចំនួន ១សន្លឹក កាតផ្សេងៗចំនួន ១៤សន្លឹក ប្រាក់ដុល្លារអាមេរិកចំនួន ៦ដុល្លារ , ប្រាក់រៀលចំនួន ១៥០០០រៀល កាបូបលុយមនុស្សប្រុសចំនួន ១ រថយន្តចំនួន ១គ្រឿង ម៉ាក LEXUS RX 330 ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2P-3936។
បច្ចុប្បន្នកងកម្លាំងការិយាល័យជំនាញកំពុងធ្វើការសាកសួរតាមនីតិវិធី៕ ដោយ៖បញ្ញាស័ក្តិ


