ភ្នំពេញ៖ បើទោះបីជា វិស័យអចលនទ្រព្យនៅកម្ពុជា ក៏ដូចជាវិស័យដទៃទៀត កំពុងទទួលរងនូវផលប៉ះពាល់ពីវិបត្តិជំងឺ កូវីដ១៩ យ៉ាងណាក្តី ក៏អ្នកអភិវឌ្ឍន៍វិស័យនេះជាច្រើននាក់ លើកឡើងថា ទីផ្សារដីធ្លី និងលំនៅដ្ឋាន នៅតែអាចរក្សាបាននូវភាពល្អប្រសើរ និងមានតម្រូវការខ្ពស់។
បើយោងតាមប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា លោកឧកញ៉ា លី ហួរ បានឱ្យដឹងថា ទីផ្សារលំនៅដ្ឋាននៅកម្ពុជា នៅតែមានភាពល្អប្រសើរបើប្រៀបធៀបទៅនឹងបណ្តាប្រទេសមួយចំនួនដែលស្ថិតនៅក្នុងតំបន់អាស៊ាន។
ប្រធានសមាគមរូបនេះ បានមានប្រសាសន៍ថា “វិស័យអចលនទ្រព្យនៅកម្ពុជា ក៏ទទួលរងនូវផលប៉ះពាល់ដែរ ប៉ុន្តែហាក់មិនធ្ងន់ធ្ងរខ្លាំងពេកនោះទេ ជាក់ស្ដែង ដូចជា វិស័យដីធ្លី និងលំនៅដ្ឋាន គឺនៅតែមានដំណើរការធម្មតា មានការសាងសង់ និងមានការទិញ-លក់ ដដែល ជាពិសេសនៅតាមតំបន់ជាយក្រុង”។
លោកបញ្ជាក់ថា “តំបន់ជាយក្រុងនានា បានក្លាយជាគោលដៅវិនិយោគ និងអភិវឌ្ឍន៍របស់ក្រុមហ៊ុនសាងសង់ ដោយសារតែតម្លៃដីនៅធូរថ្លៃ ដែលអាចមានឱកាសទទួលបានចំណេញពីការវិនិយោគប្រភេទលំនៅដ្ឋាន តម្លៃត្រឹមតែជាង៧ ម៉ឺនចុះ។ ដូចជានៅតំបន់ទំនប់កប់ស្រូវ តំបន់ភាគខាងលិចឈៀងខាងជើងក្រុង តំបន់ផ្លូវជាតិលេខ៦A តំបន់ក្បែរផ្លូវជាតិលេខ១ និងតំបន់ផ្លូវជាតិលេខ៣ ជាដើម”។
គួររំលឹកថា កន្លងទៅថ្មីៗនេះ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ធ្លាប់មានប្រសាសន៍ថា អ្នកអភិវឌ្ឍន៍ បន្តអភិវឌ្ឍន៍គម្រោងលំនៅដ្ឋានទាំងតម្លៃកម្រិតមធ្យម និងកម្រិតខ្ពស់ ដើម្បីឆ្លើយតបទៅតម្រូវការ ក្នុងកាលៈទេសៈបែបណាក៏ដោយ តម្រូវការលំនៅឋាន នៅតែមានតម្លៃវិញក៏មិនចុះដែរ។
សូមបញ្ជាក់ថា អ្នកជំនាញអចលនទ្រព្យមានសុទិដ្ឋិនិយមថា នៅតាមបណ្តោយផ្លូវជាតិសំខាន់ៗពីភ្នំពេញទៅបណ្តាខេត្តនានា មានគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានជាច្រើន បានកំពុងសាងសង់ ទាំងក្នុងកម្រិតមធ្យម និងកម្រិតខ្ពស់ ហើយគម្រោងនេះ និងបន្តរីកចំរើនបន្ថែមទៀត ក្រោយពេលដែលហេដ្ឋារចនាសម្ព័ន្ធមួយចំនួនត្រូវបានបញ្ចប់ការសាងសង់នាពេលខាងមុខ៕
ដោយ៖CEN