ភ្នំពេញ៖ ដើម្បីលើកកម្ពស់វិស័យធនធានទឹកដែលធានាដល់ការប្រើប្រាស់ របស់ប្រជាពលរដ្ឋឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានសន្យាផ្តល់ជូននូវកម្មវិធី Software eWater Source ដែលជាកម្មវិធីគ្រប់គ្រងធនធានទឹកដល់ក្រសួង ធនធានទឹកនិងឧតុនិយម សម្រាប់ប្រើប្រាស់ក្នុងការចងក្រង ត្រួតពិនិត្យ និងគ្រប់គ្រងធនធានទឹកនៅកម្ពុជាឱ្យកាន់តែប្រសើរ ។
ការលើកឡើងបែបនេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការគម្រោងជំនួយវិស័យធនធានទឹក ជាមួយ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម កាលពីរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ។
ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានប្តេជ្ញាជំរុញរដ្ឋាភិបាលអូស្ត្រាលី ឱ្យបន្តផ្តល់ជំនួយដល់កម្ពុជាដើម្បីធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាវិស័យធនធានទឹក មានការវិវត្តន៍រីកចម្រើនតទៅមុខទៀត ។ ឯកឧត្តម Pablo Kang បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារលើវិស័យធនធានទឹកនិងឧតុនិយម ដែលក្រសួងសម្រេចបាន ក៏ដូចជាកិច្ចការបន្តដែលត្រូវអនុវត្តក្នុងបេសកកម្មរួមចំណែកដល់ការអភិវឌ្ឍ និងការរីកលូតលាស់សេដ្ឋកិច្ចប្រទេសកម្ពុជា ឱ្យបានកាន់តែប្រសើរថែមទៀត ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋាភិបាលអូស្ត្រាលី តាមរយៈ ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានជួយគាំទ្រដល់ការកសាងនិងអភិវឌ្ឍកម្ពុជាជាបន្តបន្ទាប់ និងដោយឡែកសម្រាប់វិស័យ ធនធានទឹក ។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា សមិទ្ធផលនិងការងារដែលក្រសួងសម្រេចបាន និងកំពុងអនុវត្ត ព្រមទាំងកិច្ចការងារចំពោះមុខ ក្នុងក្របខណ្ឌវិស័យធនធានទឹកនិងឧតុនិយម គឺដើម្បីរួមចំណែកដោះស្រាយនូវបញ្ហាប្រឈមក្នុងបរិបទនៃបម្រែបម្រួលអាកាសធាតុ សំដៅធានានូវសន្តិសុខទឹក សម្រាប់បំពេញតម្រូវការប្រើប្រាស់ និងការអភិវឌ្ឍប្រកបដោយចីរភាព ។
សូមបញ្ជាក់ថា មកដល់ពេលនេះ រដ្ឋាភិបាលអូស្ត្រាលី បាននិងកំពុងជួយដល់កម្ពុជា លើគម្រោង២គឺ ៖ ទី ១) គម្រោង CAVAC ជំហាន ១ (២០១០-២០១៥) អនុវត្តនៅខេត្តកំពត ខេត្តតាកែវ និងខេត្តកំពង់ធំ និងទី ២) គម្រោង CAVAC ជំហាន ២ (២០១៦-២០២១) កំពុងអនុវត្ត នៅខេត្តតាកែវ ខេត្តកណ្តាល និងខេត្តព្រៃវែង ៕
ដោយ៖CEN