ភ្នំពេញ ៖ បុរសពីរនាក់ដែលជាមុខសញ្ញាជួញដូរសារធាតុញៀនខុសច្បាប់ត្រូវនគរបាលខណ្ឌដង្កោឃាត់ខ្លួននិងឆែកឆេររកឃើញថ្នាំញៀនចំនួន៥កញ្ចប់ថង់ធំមានទម្ងន់ជាង១គីឡូក្រាម នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវបេតុង ស្ថិតភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ នុត លីណា អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្មនាក់នៅស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងឈ្មោះ យឹម ប៊ុនឆៃ អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចបានចាប់យកវត្ថុតាង ម្ស៉ៅក្រាមពណ៌សថ្លាចំនួន៥កញ្ចប់ថង់ធំ ជាថ្នាំញៀន ម៉ូតូ១គ្រឿង ម៉ាកហុង ដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GM-2632 ។
មុនពេលកើតហេតុ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោ សហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខសណ្ឌដង្កោ បានចុះបង្ក្រាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុច ផ្លូវបេតុង ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ហើយសមត្ថកិច្ចឆែកឆេររកឈើញម្ស៉ៅក្រាមថ្នាំញៀនពណ៌សថ្លាចំនួន៥ កញ្ចប់ធំ ដែលជនសង្ស័យឈ្មោះញឹម ប៊ុនឆៃ បានលាក់ទុកនៅក្នុងកែបម៉ូតូ។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៕ ដោយ៖បញ្ញាស័ក្តិ