ប្តី និងប្អូនថ្លៃប្រុស របស់ស្ត្រីឥណ្ឌាម្នាក់ ត្រូវបានប៉ូលីសចាប់ខ្លួន ក្រោយពេលគាត់បានប្រាប់ប៉ូលីសថា ពួកគេបានលួចវះកាត់យកក្រលៀនម្ខាងរបស់គាត់លក់ ដើម្បីជំនួសការទាមទារប្រាក់សំណងចំណងដៃ។ នេះបើតាមការចេញផ្សាយរបស់ BBC នៅថ្ងៃព្រហស្បតិ៍នេះ។
បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា ប្តីរបស់ស្ត្រីដែលរស់នៅក្នុងរដ្ឋ West Bengal បានរៀបចំឲ្យមានការវះកាត់ពោះវៀនដុះខ្នែរឲ្យប្រពន្ធគាត់ ក្រោយពេលគាត់ឈឺពោះយ៉ាងខ្លាំង កាលពី២ឆ្នាំមុន។
ប៉ុន្តែនៅចុងឆ្នាំ ២០១៧កន្លងទៅនេះ ការពិនិត្យសុខភាព ២ដង បានបង្ហាញថា ស្ត្រីនោះបានបាត់ក្រលៀនរបស់គាត់ម្ខាង។
អ្នកស្រីបានបញ្ជាក់ថា ប្តីរបស់អ្នកស្រីតែងតែទាមទារប្រាក់សំណងពីខាងអ្នកស្រី។ ក្នុងប្រពៃណីឥណ្ឌាខាងប្រុសមានសិទ្ធិទារយកប្រាក់សំណងវិញពីខាងគ្រួសារស្រី ប៉ុន្តែប្រពៃណីនេះត្រូវបានគេហាមប្រាមតាំងពីឆ្នាំ ១៩៦១មកម្លេះ។
ស្ត្រីរងគ្រោះឈ្មោះ Rita Sarkar បាននិយាយថា គាត់បានក្លាយជាជនរងគ្រោះនៃការរំលោភបំពានក្នុងគ្រួសារអស់ជាច្រើនឆ្នាំមកហើយ ដោយសារខាងប្រុសទារយកប្រាក់ចំណងដៃ។
គាត់បញ្ជាក់ដូច្នេះថា “ប្តីខ្ញុំបាននាំខ្ញុំទៅកន្លែងពិនិត្យសុខភាពក្នុងទីក្រុង Kolkata ហើយបុគ្គលិក ពេទ្យ និងគាត់បានប្រាប់ខ្ញុំថា ខ្ញុំនឹងជាវិញក្រោយពេលវះគាត់យកខ្នែងពោះវៀនចេញ”។
អ្នកស្រីបន្ថែមថា ប្តីរបស់ខ្ញុំបានព្រមានខ្ញុំមិនឲ្យប្រាប់ពីការវះកាត់នោះឲ្យគេដឹងឡើយ។
អ្នកស្រីនិយាយថា ខ្ញុំទើបតែដឹងថា ហេតុអ្វីប្តីខ្ញុំមិនឲ្យប្រាប់រឿងវះកាត់ឲ្យគេដឹង ព្រោះគាត់បានលក់គ្រលៀនខ្ញុំ ដោយសារតែគ្រួសារខាងខ្ញុំមិនអាចធ្វើតាមការចង់បានរបស់គាត់រឿងប្រាក់សំណង៕ សុភ័ក្ត្រ