Tuesday, January 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គបណ្ឌិត​សភាចា​រ្យ​អូន ព័ន្ធមុន្នីរ័ត្ន លើកទឹកចិត្ត​ដល់​រដ្ឋបាល​ខេត្តកណ្ដាល ឲ្យ​បន្ត​យកចិត្តទុកដាក់​គាំទ្រ និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការវិនិយោគ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​

​ខេត្តកណ្តាល​៖ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ រដ្ឋបាល​ខេត្តកណ្ដាល បានរៀបចំ​កិច្ចប្រជុំ​បូកសរុប​ការងារ​ប្រចាំឆមាស​ទី​១ ឆ្នាំ​២០២០ និង​ទិសដៅ​បន្ត​របស់​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកណ្ដាល ក្រោម​អធិបតីភាព ឯកឧត្តម អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកណ្ដាល​។​

​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​រាយការណ៍ នៅ​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១ ឆ្នាំ ២០២០ ដែល​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកណ្ដាល សម្រេចបាន​ក្នុង​រយៈពេល​ឆមាស​ទី​១ ឆ្នាំ​២០២០ កន្លងទៅនេះ​។​

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នេះដែរ ឯកឧត្តម អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុន្នីរ័ត្ន បាន​កោតសរសើរ​ចំពោះ​លទ្ធផល​ដែល​បានសម្រេច​កន្លងមក ដែល​នេះ​បាន​ឆ្លុះបញ្ចាំង​អំពី​ការខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម​របស់​ក្រុមការងារ​ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការ និង​អ្នកពាក់ព័ន្ធ​គ្រប់​កម្រិត​ថ្នាក់ ក្នុង​គោលដៅ​នៃ​ការជំរុញ​លើកស្ទួយ​កំណើនសេដ្ឋកិច្ច ការបង្កើន​ប្រាក់ចំណូល​របស់​ប្រជាជន និង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត ដែលជា​ការរួមចំណែក​យ៉ាងសកម្ម​ជាមួយនឹង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល ក្នុងការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​។

​ឯកឧត្តម អគ្គបណ្ឌិត​សភាចា​រ្យ “​ក៏បាន​លើកទឹកចិត្ត​ដល់​រដ្ឋបាល​ខេត្តកណ្ដាល ឲ្យ​បន្ត​យកចិត្តទុកដាក់​គាំទ្រ និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការវិនិយោគ​ក្នុង​មូលដ្ឋាន​របស់ខ្លួន ពិសេស ផ្ដល់​ភាពអនុគ្រោះ​សម្រាប់​ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​កសិឧស្សាហកម្ម ដែលជា​វិស័យ​ចម្បង​របស់​ខេត្ត ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ផងដែរ​”​។​

​ឯកឧត្តម អគ្គបណ្ឌិត​សភាចា​រ្យ បានស្នើ​ឲ្យ​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ក្រុង​-​ស្រុក​ឃុំ​-​សង្កាត់ រដ្ឋបាលខេត្ត និង​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត បន្ត​យកចិត្តទុកដាក់​ជំរុញ​ការអនុវត្ត​នូវ​វិធានការ ផ្សព្វផ្សាយ​អំពី​ការថែទាំ​អនាម័យ ការរក្សា​គម្លាត​សង្គម និង​បុគ្គល ព្រមទាំង​អនុវត្ត​ការងារ និង​ពង្រឹង​យន្តការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ដើម្បី​ធានា​ប្រសិទ្ធភាព​ក្នុងការ​ប្រយុទ្ធប្រឆាំង​ការផ្ទុះ​ឡើងវិញ​នៅលើ​លោក​ទី​២​។ បន្ត​ចុះជួយ​ឧបត្ថម្ភ​ថវិកា ស្បៀង និង​សំភារៈ​បង្ការ ដូចជា​សាប៊ូ អាកុល និង​ម៉ាស់ ជូន​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ និង​ប្រជាពលរដ្ឋ​ក្រីក្រ​(​ក្រ​១ និង​ក្រ​២)​។

​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត និង​កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ ត្រូវ​បង្កើន​ការថែរក្សា​ការពារ​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ ដោយ​បន្ត​ជំរុញ​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ឱ្យ​ចូលរួម​អនុវត្ត​គោលនយោបាយ <​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​> ដើម្បី​រួមគ្នា​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ នៅតាម​មូលដ្ឋាន​រីករាយ​ខ្លួន​។ ត្រូវ​បន្ត​លើកកម្ពស់​សណ្ដាប់ធ្នាប់​សាធារណៈ ពិសេស​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ផងដែរ​៕​ដោយ​៖​កូ​ឡាប​

 

×