ភ្នំពេញ៖ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក Yasuhisa Ojima តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្រចាំប្រទេសកម្ពុជាបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅធនាគារជាតិនៃកម្ពុជា។
ឯកឧត្តម ជា ចាន់តូ បានជម្រាបជូនពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនិងវិស័យធនាគារកម្ពុជា ក្នុងរយៈពេល៨ខែដើមឆ្នាំ២០២០ នេះ។ ឯកឧត្តម ថា អតិផរណាបន្តរក្សាបានក្នុងកម្រិតទាបប្រមាណ ៣% ជាមួយនឹងស្ថិរភាពល្អនៃអត្រាប្តូរប្រាក់។ ទុនបម្រុងអន្តរជាតិបន្តកើនឡើង និងមានកម្រិតស្មើនឹង ១០ខែនៃការនាំចូលទំនិញនិងសេវា។
ឯកឧត្តមទេសាភិបាល ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា ប្រព័ន្ធធនាគារមានភាពរឹងមាំ និងបានរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច និងជួយបន្ធូរបន្ថយការលំបាករបស់វិស័យនានា និងប្រជាជនដែលទទួលរងផលប៉ះពាល់ពីឥទ្ធិពលនៃការរីករាលដាលពីជំងឺកូវីដ១៩ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ដោយឡែក លោក Yasuhisa Ojima បានអបអរសាទរចំពោះប្រសិទ្ធភាពនៃការបង្ការការឆ្លងជំងឺកូវីដ១៩ នៅកម្ពុជារបស់រាជរដ្ឋាភិបាល។ តំណាងឱ្យ IMF លោកក៏បានគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលនិងធនាគារជាតិនៃកម្ពុជា ក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ចក្នុងដំណាក់កាលនេះ ស្របពេលដែលប្រទេសនានាលើពិភពលោកកំពុងប្រឈម នឹងការធ្លាក់ចុះសេដ្ឋកិច្ចនិងការរីករាលដាលនៃជំងឺកូវីដ១៩។ ទន្ទឹមនេះ IMF ក៏បានត្រៀមខ្លួនសហការនិងផ្តល់ជាអនុសាសន៍ ក្នុងដំណើរការស្តារកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដែលកំពុងតែងើបឡើងវិញជាលំដាប់៕
ដោយ៖CEN