ហេតុការណ៍មួយ បានបង្កឲ្យមានការភ្ញាក់ផ្អើល និងគួរឲ្យហួសចិត្តជាខ្លាំង ខណៈកូនក្រមុំញៀនល្បែងហ្គេមម្នាក់ បានក្រាញននៀល ពុំព្រមចាកចេញពីមុខកុំព្យួរទ័រ បើទោះជាដឹងថា ខណៈពេលនោះនាងនឹងត្រូវបំពេញតួនាទីជាកូនក្រមុំក្នុងថ្ងៃរៀបការក៏ដោយ ។
ស្ថិតក្នុងឈុតអាពាហ៍ពិពាហ៍ពណ៌ស កូនក្រមុំម្នាក់នោះ ត្រូវបានឃើញកំពុងលេងហ្គេមនៅពីមុខកុំព្យូទ័រយ៉ាងព្រងើយ ហាក់ដូចជាគ្មានរឿងអ្វីកើតឡើង ស្ថិតនៅក្នុងកន្លែងមួយដែលត្រូវបានសន្មត់ថាជាហាងកុំព្យួទ័រ ។
ខណៈពេលនោះផងដែរ កូនកំលោះម្នាក់ និងគ្រួសាររបស់គាត់ បានចូលទៅសុំអង្វរកកូនក្រមុំរបស់ពួកគេ ឲ្យចាកចេញពីកន្លែងលេងហ្គេម ប៉ុន្តែ នាងបានបដិសេធ និងប្រាប់ទៅពួកគេថា «ចាំបន្តិចសិនទៅ បានទេ!» ។
ស្ត្រីម្នាក់ដែលប្រហែលត្រូវជាម្តាយក្មេករបស់កូនក្រមុំនោះ អាចត្រូវបានលឺស្រែកឡើងថា៖ «តោះ! លឿនឡើងកូន ដល់ពេលវេលាដែលយើងត្រូវទៅហើយ…!» ។ ចំណែកកូនកំលោះក្នុងទឹកមុខជូរវិញ ក៏បានបន្តស្រែកថា៖ «តោះអូន! ពិធីនឹងចាប់ផ្តើមនាពេលឆាប់ៗនេះហើយ» ។
នៅចំណុចមួយ កូនកំលោះត្រូវបានឪពុករបស់គាត់ទះ១កំភ្លៀង និងនិយាយថា៖ «តើមានបញ្ហាអ្វីចំពោះកូន? កូនសូម្បីពុំអាចគ្រប់គ្រងប្រពន្ធរបស់កូនផ្ទាល់ ។ ឥឡូវនេះ ចូរអូសនាងចេញពីទីនេះភ្លាម!» ។
បន្ទាប់មក កូនកំលោះបាននិយាយលួងលោកនាងថា៖ «តោះ ប្រពន្ធសំលាញ់! បងសូមអង្វរអូន ម៉ោះ មកជាមួយបងណា៎!» ។
បន្ទាប់មកទៀត កូនកំលោះ និងមិត្តភក្តិរបស់គាត់ ក៏បានបង្ខំចិត្តអូសកូនក្រមុំ ពីកៅអី និងទាញចេញពីមុខកុំព្យូទ័រយ៉ាងទីណាត់ទីណែង ខណៈនាងនៅតែបន្តក្រាញននៀលយ៉ាងខ្លាំង ៕ ចន្ទី