Sunday, January 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រតិកម្ម​យ៉ាងខ្លាំង​ពី​ពលរដ្ឋ​ខ្មែរ ក្រុមហ៊ុន​ទេសចរណ៍ Wendy Wu Tours សរសេរ​ពាក្យ​វៀតណាម​លើ​រូប​ប្រាសាទអង្គរវត្ត បានចេញ​លិខិត​សុំទោស​ជា​សាធារណៈ​

​ភ្នំពេញ​៖ ក្រុមហ៊ុន​ទេសចរណ៍ Wendy Wu Tours ដែល​ទើប​រង​ប្រតិកម្ម​យ៉ាងដំណំ​ពី​ប្រជាពលរដ្ឋ​កម្ពុជា ដោយសារ​ច្រឡំ​ដាក់ពាក្យ «VIETNAM» លើ​រូប​ប្រាសាទអង្គរវត្ត​នោះ បានចេញ​លិខិត​សុំទោស​ជា​សាធារណៈ​ជូន​ចំពោះ​ប្រជាជាតិ​កម្ពុជា និង​មជ្ឈដ្ឋាន​អន្តរជាតិ​វិញ​ហើយ​។​

​រឿង​ហេតុនេះ​កើតឡើង​ដោយសារ​៖ កាលពីពេល​ថ្មីៗ​កន្លងទៅ ក្រុមហ៊ុន Wendy Wu Tours បាន​ផ្សព្វផ្សាយ​កម្មវិធី​ទស្សនកិច្ច​របស់ខ្លួន​មកកាន់​តំបន់​អា​ស៉ី​អាគ្នេយ៍ ដែលមាន​រូបភាព​តំបន់ ទេសចរណ៍​ជាច្រើន ក្នុងនោះ​ក៏មាន​រូបភាព​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា​ផងដែរ​។ ប៉ុន្តែ​អ្វីដែល​គួរឱ្យ​សោកស្ដាយ​នោះ គឺ​ក្រុមហ៊ុន​បាន​ច្រឡំ​ដាក់ពាក្យ VIETNAM នៅលើ​រូបភាព​ប្រាសាទអង្គរវត្ត របស់​ប្រទេស​កម្ពុជា ដែល​ធ្វើឱ្យមាន​ការមិន​ពេញចិត្ត និង​ផ្ទុះ​ប្រតិកម្ម​យ៉ាងខ្លាំង​ពី​សាធារណជន​។​

​ជាមួយគ្នា​នោះ ក្រសួងទេសចរណ៍​ក៏បាន​ប្រតិកម្ម​ជាបន្ទាន់​ទៅកាន់​ក្រុមហ៊ុន Wendy Wu Tours ដើម្បីឱ្យ​ក្រុមហ៊ុន​កែសម្រួល​ឡើងវិញ និង​សុំទោស​ជា​សាធារណៈ​។ ពេលនោះ ក្រុមហ៊ុន Wendy Wu Tours ក៏បាន​ឆ្លើយតប និង​ទទួលស្គាល់​កំហុស​របស់​ខ្លួន​តាមរយៈ​លិខិត​ជា​ផ្លូវការ​។​

​ក្រុមហ៊ុន​ទេសចរណ៍​អន្តរជាតិ​មួយ​នេះ ក៏បាន​សន្យា​ជួយ​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​សំខាន់ៗ​របស់​កម្ពុជា ទៅកាន់​ទីផ្សារ​ទេសចរ​ណ៍​នៅ​ចក្រភព​អង់គ្លេស ប្រទេស​អូស្ត្រាលី និង​ណូ​វែ​ល​ហ្សេ​ឡង់​ផងដែរ​។​

​គួរ​ជម្រាប​ថា ក្រុមហ៊ុន​ទេសចរណ៍ Wendy Wu Tours ជាទី​ភ្នាក់ងារទេសចរណ៍​អន្តរជាតិ​ដ៏​ល្បីល្បាញ​មួយ​នៅលើ​ពិភពលោក ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅ​ចក្រភព​អង់គ្លេស ហើយក៏​មាន​សាខា​នៅ​ប្រទេស​អូស្ត្រាលី និង​ប្រទេស​ណូ​វែ​ល​ហ្សេ​ឡង់​ផងដែរ​។​

​បើតាម​សេចក្តីជូនដំណឹង ក្រសួងទេសចរណ៍ មាន​កិត្តិយស សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណ​ជនជាតិ អន្តរជាតិ ផ្នែក​ឯកជន ក្រុមហ៊ុន និង​សមាគម​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​ទាំងអស់ មេត្តា​ជ្រាបថា ថ្មីៗ​នេះ​ក្រុមហ៊ុន​ទេសចរណ៍ Wendy Wu Tours មាន​ទីតាំងនៅ​ប្រទេស​អូស្ត្រាលី និង​ប្រទេស​អង់គ្លេស បាន​ផ្សព្វផ្សាយ​កម្មវិធី​ទស្សនកិច្ច​មក​តំបន់​អាស៊ី អាគ្នេយ៍​ដែលមាន​រូបភាព​តំបន់​ទេសចរណ៍​ជាច្រើន រួមទាំង​រូបភាព​ប្រាសាទអង្គរវត្ត​ផងដែរ​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​សោកស្តាយ​នោះ​គឺ​ក្រុមហ៊ុន​បាន​ច្រឡំ​ដាក់​អក្សរ វៀតណាម លើ​រូប​ប្រាសាទអង្គរវត្ត ដែល​ធ្វើ​ឲ្យ​មាន​ការមិន​ពេញចិត្ត និង​ផ្ទុះ​ប្រតិកម្ម​យ៉ាងខ្លាំង​ពី​សាធារណជន​។​

​ក្រសួងទេសចរណ៍ បាន​ប្រតិកម្ម​ជាបន្ទាន់ ដោយ​ធ្វើការ​ស្រាវជ្រាវ និង​ទំនាក់ទំនង​ទៅ​ក្រុមហ៊ុន​តាមរយៈ Facebook Page និង​Email ដោយផ្ទាល់​ទៅ​ក្រុមហ៊ុន Wendy Wu Tours ដើម្បីឱ្យ​ធ្វើការ​កែសម្រួល និង​សុំទោស​ជា​សាធារណៈ​ផងដែរ​។ ក្រសួងទេសចរណ៍ ក៏បាន​ឃើញថា ក្រុមហ៊ុន​បាន​តប​សារ​សុំទោស​នូវ​កំហុស​ខុសឆ្គង តាមរយៈ Facebook Page និង E-mail ព្រមទាំង​កែសម្រួល​ខ្លឹមសារ​មួយចំនួន​ផងដែរ​។ ក្រសួង​ក៏បាន​បន្ត​ទំនាក់ទំនង ផ្ទាល់​ជាមួយ​ក្រុមហ៊ុន Wendy Wu Tours ដែលមាន​ទីតាំង​ដូចខាងលើ​នេះ ឱ្យមាន​ការសុំ​ទោស​ជា លិខិតផ្លូវការ នូវ​កំហុស​ខុសឆ្គង​កន្លងមក​មក​ក្រសួងទេសចរណ៍​។ ពេលនេះ​ក្រុមហ៊ុន Wendy Wu Tours ក៏បាន​ឆ្លើយតប និង ទទួលស្គាល់​កំហុស​តាមរយៈ​លិខិត​ជា​ផ្លូវការ ព្រមទាំង​ជួយ​ផ្សព្វផ្សាយ ប្រទេស​កម្ពុជា ទៅលើ​ទីផ្សារ​អង់គ្លេស អូស្ត្រាលី និង​នូ​វែ​ល​ហ្សេ​ឡង់​៕ ដោយ​៖​កូ​ឡាប​