បាត់ដំបង៖កម្លាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបង បានចាប់បុរសម្នាក់ជួញដូររក្សាទុកនិងថ្នាំម៉ាទឹកកក៣ថង់ ម៉ូតូមួយគ្រឿងនិងសម្ភារពាក់ព័ន្ធមួយចំនួន កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០។
លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តបាត់ដំបង បានឲ្យដឹងថា ជនសង្ស័យម្នាក់ដែលចាប់ឃាត់ខ្លួនឈ្មោះគឹម ម៉េងលី ភេទប្រុស អាយុ២៨ឆ្នាំរស់នៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ក្នុងប្រតិបត្តិការនេះ កម្លាំងដកហូតបានថ្នាំម៉ាទឹកកក៣ថង់ ម៉ូតូមួយគ្រឿង សម្ភារពាក់ព័ន្ធមួយចំនួនទៀត ហើយចាប់ឃាត់ខ្លួនកាលពី ម៉ោង២០និង២០នាទី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
លោកវរសេនីយ៍ឯក សុខ និមល បានបញ្ជាក់ថា កម្លាំងបានសហការជាមួយកម្លាំងប៉ូលិសស្រុក ចុះបង្ក្រាបបានករណីរនេះ ហើយចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ និងវត្ថុតាងបានភ្លាមៗជាក់ស្ដែងតែម្ដង។ បច្ចុប្បន្ននេះ កម្លាំងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ហើយ៕ ដោយ៖អ៊ុងសារុំ