តាកែវ៖ ក្នុងពេលដែលរដូវនេះជារដូវមួយដែលយើងត្រូវការប្រើប្រាស់សត្វបក្សីច្រើន ជារដូវបុណ្យចូលឆ្នាំចិនខិតជិតចូលមកដល់នេះ គឺមានឈ្មួញជាច្រើនបានសម្រុកយកមាន់ទារ ចូលមកលក់នៅតាមទីផ្សារនីមួយៗ នៅក្នុងខេត្ត និងនៅតាមទីប្រជុំជនផ្សេងៗ ដូច្នេះដើម្បីទប់ស្កាត់នៅការកើតមានឡើង នៃជំងឺផ្តាសសាយបក្សីកើតឡើងចំពោះមនុស្ស លោក ថៃ លី ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តតាកែវ បានធ្វើការអំពាវនាវអោយពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជានិច្ចលើការបរិភោគ មាន់ ទារ ដែលឈឺងាប់ ឬចំអិន មិនបានឆ្អិនល្អ ព្រោះថាជំងឺផ្តាសសាយបក្សីអាចនិងកើតមានជាយថាហេតុ និងអាចបណ្តាលអោយជិវិតរបស់មនុស្សយើងស្លាប់បាននៅពេលដែលយើងបរិភោគវា ដូច្នេះដើម្បីជៀសវាងការឆ្លង គឺយើងត្រូវធ្វើជីវៈសុវត្តិភាព ដោយលាងដៃសម្អាត បន្ទាប់ពីយើងបានប៉ះពាល់សត្វដែលឈឺឬងាប់នោះ យើងត្រូវយកទៅកប់ចោល ក៏ប៉ុន្តែ បើសិនជាបងប្អូនធ្វើការបរិភោគគឺត្រូវការចម្អិនអោយបានឆ្អិនល្អ បើមិនដូច្នេះទេ គឺអាចនិងប្រឈរមុខនិងការកើតមាននូវជំងឺផ្តាសសាយបក្សី។
លោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបានបន្តថា ចំពោះការដាក់តាំងលក់ដូរសត្វបក្សីនៅតាមផ្សារ ឬនៅតាមទីប្រជុំជនផ្សេងៗនោះ គឺមន្ត្រីជំនាញរបស់យើង និងធ្វើការចុះអប់រំណែនាំបន្ថែមរួមជាមួយនិងការចែកខិតប័ណ្ណផ្សព្វផ្សាយពីផលប៉ះពាល់ដែលអាចកើតមានឡើងចំពោះជំងឺផ្តាសសាយបក្សីនេះ ទៅកាន់អាជីវករទាំងអស់ អោយពួកគាត់ចូលរួមទាំងអស់គ្នាក្នុងការប្រុងប្រយ័ត្ន លើបញ្ហានេះ មិនត្រូវលក់មាន់ឈឺឬងាប់នោះទៅ អោយអតិថិជនដែលមកទិញមិនបានដឹងនោះយកទៅបរិភោគឡើយ និងត្រូវចូលរួមសម្អាតអនាម័យផងដែរ រីឯអ្នកចិញ្ចឹមសត្វផ្ទល់នៅតាមកសិដ្ឋានគឺមន្ត្រីជំនាញរបស់ពេទ្យសត្វយើងបាននិងចុះអប់រំដល់ពួកគាត់ អំពីការទប់ស្កាត់ និងបង្ការមិនអោយកើតមានឡើងនៅករណីផ្ទុះជំងឺផ្តាសសាយបក្សីនេះកើតឡើងនោះទេ៕ តាកែវ