ក្នុងរយៈពេលពីរបីថ្ងៃកន្លងមកនេះ ព័ត៌មានដែលបុរសម្នាក់បើករថយន្តដឹកសពស្ត្រីម្នាក់ ទៅកាន់ប៉ុស្តិ៍ប៉ូលីស និងចូលខ្លួនសារភាពអំពីអំពើមនុស្សឃាតរបស់ខ្លួន បានបង្ករលកកំហឹងយ៉ាងខ្លាំងក្លា ពីសំណាក់ប្រជាជននៅទូទាំងប្រទេសម៉ាឡេស៊ី ។
យោងតាម The Star បានរាយការណ៍ថា អំពើមនុស្សឃាតដោយចេតនានេះ នៅទីបំផុតត្រូវបានបញ្ចេញ ដោយបុរសរូបនោះបានសារភាពថា រូបគេបានសម្លាប់មិត្តស្រីរបស់ខ្លួនឈ្មោះ D. Tharani ដោយសារតែខឹងនាងច្រានចោលសំណើរៀបការ និងនិយាយថា នាងចង់រៀបការជាមួយបុរសផ្សេង ។
ដោយពុំអាចទទួលយកបានការបដិសេធនេះ ជនរូបនេះក៏សម្រេចសម្លាប់នាង ដោយប្រើកាំបិតចាក់ត្រង់កយ៉ាងសាហាវ ។
ឃាតកអាយុ ៣៧ ឆ្នាំ រូបនេះ បន្ទាប់មក បានដឹកសាកសពរបស់ Tharani ទៅកាន់ប៉ុស្តិ៍ប៉លីស Damansara នៅវេលាម៉ោង ៤ ល្ងាច (៥ មករា) ។ ជនរូបនេះបានបើករថយន្ត Honda City ពណ៌សរបស់នារីរងគ្រោះ ទៅកាន់បរិវេណនៃប៉ុស្តិ៍ប៉ូលីស និងដើរចូលទៅកាន់កន្លែងទទួលភ្ញៀវ និងសារភាពពីអំពើឃោរឃៅរបស់ខ្លួន ក្នុងសភាពគ្មានទុក្ខព្រួយ, ឬ ជាមនុស្សសរសៃប្រសាទនោះឡើយ ៕ ចន្ទី