ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េ លើកទី១០ តាមប្រព័ន្ធវីដេអូ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បាន ឲ្យដឹងថា កិច្ចប្រជុំនេះ នឹងដឹកនាំដោយសហប្រធានលោក ផាម ប៊ិញមិញ និងលោកស្រី កាង ក្យុងវ៉ា រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង)។
នៅក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីនឹងពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ និងកំណត់ទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការនេះ។
បើតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស ៖ រដ្ឋមន្ត្រីទាំងអស់ក៏នឹងផ្លាស់ប្តូរយោបល់រិះរកមធ្យោបាយ ដើម្បីពង្រឹងភាពជាដៃគូ និងសាមគ្គីភាព ក្នុងការដោះស្រាយបញ្ហាតំបន់ និងសកល សម្រាប់កំណើន ការអភិវឌ្ឍ និងវិបុលភាពប្រកបដោយចីរភាពនៅក្នុងតំបន់មេគង្គ និងសាធារណរដ្ឋកូរ៉េ។ រដ្ឋមន្ត្រី ក៏នឹងពិភាក្សាអំពីការត្រៀមរៀបចំកិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េ លើកទី២៕ដោយ៖កូឡាប