ភ្នំពេញ៖ ស្ពានអាកាស និងផ្លូវក្រោមដី នៅចំណុចរង្វង់ចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការសាងសង់ដោយក្រុមហ៊ុន OCIC ដោយប្រើប្រាស់ រយៈពេលអភិវឌ្ឍន៍ ៣០ ខែ និងចំណាយថវិកាសាងសង់ប្រមាណ ២២លានដុល្លារ សម្រេចបានការសាងសង់ជាង ៥៥% ហើយ។
បើតាម លោក សាំ ពិសិដ្ឋ ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា បច្ចុប្បន្ននេះ ការសាងសង់ស្ពានអាកាស និងផ្លូវ នៅចំណុចរង្វង់មូលចោមចៅ សម្រេចបានប្រមាណជាង ៥៥%ហើយ។ ក្រុមការងារ បាននិងកំពុងបង្ហើយការងារផ្លូវក្រោមដី ខណៈការដ្ឋានផ្លូវក្រោមដី បានស្ថាបនាជិតរួចរាល់ ១០០ភាគរយ។
ស្ពានអាកាស និងផ្លូវក្រោមដី នៅចំណុចរង្វង់មូលចោមចៅនេះ បានបើកការដ្ឋានសាងសង់ជាផ្លូវការ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
គួរបញ្ជាក់ថា បើតាមប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នឹងមានបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ រួមជាមួយនិងការរៀបចំបណ្តាញជុំវិញបរិវេណស្ពានអាកាស និងអាងស្តុកទឹកក្រោមដី ដោយមានបំពាក់ម៉ូទ័របូមទឹកស្វ័យប្រវត្តិ៕
ដោយ៖CEN