ភ្នំពេញ៖ក្រោមការណែនាំរបស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី អគ្គលេខាធិការនៃ គណៈចលនាមហាជន បានដឹកនាំគណៈប្រតិភូ ចុះជួបជាមួយគណៈចលនាមហាជននៃគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តសៀមរាប និងខេត្តកំពង់ធំ ដើម្បីផ្សព្វផ្សាយបច្ចុប្បន្នភាពស្ថានភាព នយោបាយ សេដ្ឋកិច្ច សង្គម ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០។
ក្នុងកិច្ចសំណេះសំណាលនេះ ឯកឧត្តម ហ៊ុន ម៉ានី បានជម្រាបជូនសមាជិក សមាជិកា អំពីស្ថានភាពនយោបាយ សេដ្ឋកិច្ច និងសង្គម ក្នុងបរិបទកូវីដ១៩ និងកិច្ចខិតខំប្រឹងប្រឹងរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយនូវផលប៉ះពាល់នៃវិបត្តិកូវីដ-១៩នេះ តាមរយៈវិធានការអន្តរាគមន៍ និងការផ្តល់ជំនួយសង្គមនានាដើម្បីជួយសម្រួលជីវភាពរបស់ប្រជាពលរដ្ឋ គ្រប់ស្រទាប់ដែលរងផលប៉ះពាល់ ក្នុងនោះ ឯកឧត្តមក៏បានបញ្ជាក់យ៉ាងច្បាស់អំពីគោលជំហរ និងស្មារតីរបស់គណបក្សប្រជាជនកម្ពុជា ដែលតែងតែគិតគូរអំពីសុខទុក្ខប្រជាជន និងផលប្រយោជន៍ជាតិជាធំ និងជាគណបក្សតែមួយគត់ដែលបានលះបង់ ពុះពារប្តូរផ្តាច់ ដើម្បីការពារអាយុជីវិត និងអត្ថប្រយោជន៍របស់ជាតិ និងជាគណបក្សតែមួយគត់ដែលមានភាពចាស់ទុំជាងគេ ហ៊ានគិត ហ៊ានធ្វើ ប្រកបដោយភាពម៉ឺងម៉ាត់ និងប្រុងប្រយ័ត្ន ជាមួយនឹងចក្ខុវិស័យច្បាស់លាស់ក្នុងការដឹកនាំប្រទេស និងមិនដែលរត់ចោលប្រជាជនម្តងឡើង ជាពិសេសគឺក្នុងគ្រាលំបាក។ ជាមួយគ្នានេះផងដែរ ក្នុងនាមជាសមាជិកបក្សមួយរូប ឯកឧត្តម ក៏បានរំលឹក ចំពោះបទពិសោធន៍ដែលយន្តការអគតិបានគួបផ្សំកម្លាំងគ្នា អនុវត្តផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយអនុវត្តផែនការយុទ្ធសាស្ត្ររបស់គេយ៉ាងប្រទាក់ក្រឡាគ្នា ដែលនេះគឺជាមេរៀនដែលយើងគួរចងចាំកាលពីឆ្នាំ២០១៣ និងជាពិសេស គឺការបន្តចិញ្ចឹមមហិច្ឆតាប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់ ក្រុម និងមជ្ឈដ្ឋានអគតិមួយចំនួន ដែលបាន និងកំពុងបន្តធ្វើសកម្មភាពញុះញង់ និងផ្សព្វផ្សាយបំប៉ោងព័ត៌មានមិនពិត មួលបង្កាច់ផ្សេងៗ ដើម្បីឱ្យប្រជាជនបាត់បង់ជំនឿចិត្តមកលើរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
បន្ទាប់ពីបានផ្សព្វផ្សាយពីបច្ចុប្បន្នស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គមរួចមក ឯកឧត្តម ហ៊ុន ម៉ានី ក៏បានជំរុញឱ្យសមាជិកអង្គប្រជុំអនុវត្តតាមអនុសាសន៍ណែនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានលើកឡើងក្នុងសន្និបាតគណៈចលនាមហាជនកាលពីថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០១៩ ដែលមានអនុសាសន៍ណែនាំដូចតទៅ ៖
១. ត្រូវចុះស្វែងយល់ឱ្យច្បាស់នូវតម្រូវការ បញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងត្រូវជួយដោះស្រាយការលំបាក និងបញ្ហាផ្សេងៗរបស់ពួកគាត់ឱ្យទាន់ពេលវេលា ជាពិសេសនៅក្នុងដំណាក់កាលនៃវិបត្តិកូវីដ-១៩នេះ ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណៈចលនាមហាជនគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ចុះតាមដាន និងដោះស្រាយជាប្រចាំ ដោយមិនឱ្យប្រជាជនណាម្នាក់អត់ឃ្លានដាច់បាយរហូតដល់ស្លាប់ ដែលយើងមិនបានដឹង និងមិនបានដោះស្រាយនោះទេ។
២. ត្រូវខិតខំពង្រឹង និងថែរក្សាឱ្យបានរឹងមាំនូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងទាំងទស្សនៈ គោលជំហរ នយោបាយ សតិអារម្មណ៍ និងចុះធ្វើសកម្មភាពជាប្រចាំនៅតាមមូលដ្ឋានសំដៅពង្រឹងគុណភាព និងបរិមាណសមាជិកបក្សតាមគោលការណ៍ «រក្សាចាស់ បង្កើនថ្មី» ដើម្បីឆ្ពោះទៅដណ្តើមជោគជ័យនៅក្នុងការបោះឆ្នោតឆ្នាំ២០២២ និងឆ្នាំ២០២៣ បន្តទៀត។
៣. ត្រូវបន្តធ្វើការអប់រំ និងផ្សព្វផ្សាយអំពីវិធានការរាជរដ្ឋាភិបាល ឱ្យបានទូលំទូលាយដល់គ្រប់ស្រទាប់មហាជន និងត្រូវធ្វើការឆ្លើយបក ស្រាយបំភ្លឺរាល់ការបំភ្លៃមួលបង្កាច់មកលើរាជរដ្ឋាភិបាល ក៏ដូចជាគណបក្សតាមគ្រប់រូបភាព។
៤. ត្រូវបន្តសកម្មភាពដោយម៉ឺងម៉ាត់ និងហ្មត់ចត់ រារាំងឱ្យបានជាដាច់ខាត នូវរាល់ឧបាយកល និងសកម្មភាពបំបែកបំបាក់សាមគ្គីជាតិរបស់ ក្រុមមជ្ឈដ្ឋានអមិត្តទាំងក្នុង និងក្រៅប្រទេស ដែលប៉ុនប៉ងអូសទាញ ប្រជាជនឱ្យប្រឆាំងចំពោះបុព្វហេតុកសាង និងអភិវឌ្ឍន៍ជាតិមាតុភូមិ។
ជាចុងក្រោយ ឯកឧត្តម ហ៊ុន ម៉ានី អគ្គលេខាធិការ ក៏បានជំរុញឱ្យថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈចលនាមហាជនគ្រប់លំដាប់ថ្នាក់ទាំងអស់ បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល និងសូមផ្សព្វផ្សាយបន្តទៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលការពារសុខភាពប្រជាពលរដ្ឋពីជំងឺកូវីដឱ្យបាន ៕
ដោយ៖កូឡាប