ភ្នំពេញ ៖ ឥឡូវនេះអតិថិជនរបស់ធនាគារ ហ្វីលីព អាចទូទាត់ប្រាក់កម្ចីតាមរយៈភ្នាក់ងារវីងទូទាំងប្រទេស។ ដោយនៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២០នេះ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា និងធនាគារ ហ្វីលីព ភីអិលស៊ី ដែលជាសមាជិកនៃ ក្រុមហ៊ុន ហ្វីលីពកាពីតាល់គ្រុប មានទីស្នាក់ការនៅប្រទេសសិង្ហបុរី បានចាប់ដៃគូជាផ្លូវការ ដើម្បីផ្តល់ភាពងាយស្រួល និងមានសុវត្ថិភាពក្នុងទូទាត់ប្រាក់កម្ចី តាមរយៈ ប្រព័ន្ធហិរញ្ញវត្ថុវីង។
តាមរយៈភាពជាដៃគូនេះអតិថិជនធនាគារ ហ្វីលីព ឥឡូវនេះអាចធ្វើការទូទាត់សងប្រាក់កម្ចីតាមរយៈបណ្តាញភ្នាក់ងារវីងដែលមានជាង ៨០០០ កន្លែង នៅទូទាំងប្រទេសកម្ពុជា ដែលអាចឲ្យពួកគាត់សន្សំសំចៃពេលវេលានិងថវិកា។
លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង បានមានប្រាសន៍ថា៖ “ ភាពជាដៃគូនេះឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់យើង ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាជនកម្ពុជាទាំងអស់ក្នុងការទទួលបានសេវាហិរញ្ញវត្ថុ ដែលអាចជួយពួកគេអភិវឌ្ឍន៍និងកសាងអនាគតដ៏ប្រសើរ។ ខ្ញុំពិតជារីករាយដែលយើងអាចផ្តល់នូវដំណោះស្រាយទូទាត់ប្រាក់ទាំងនេះ ដើម្បីជួយប្រជាជនក្នុងកំឡុងពេលមានជំងឺកូវីដ១៩នេះ” ។
ក្នុងរយៈពេល១២ ឆ្នាំកន្លងមកនេះ ចាប់តាំងពីការបើកដំណើរការនៅកម្ពុជា វីងបានស្វែងរកវិធីថ្មីៗដើម្បីបង្កើតឱកាសដើម្បីជំរុញបរិយាប័ន ហិរញ្ញវត្ថុតាមរយៈការកសាងសេដ្ឋកិច្ចដែលមានទំនាក់ទំនងគ្នាទៅវិញទៅមក។
“តាមរយៈកិច្ចសហការជាដៃគូនេះ អតិថិជនរបស់ធនាគារ ហ្វីលីព ទទួលបានភាពងាយស្រួលមួយកម្រិតទៀតក្នុងការទូទាត់កម្ចីមកកាន់ធនាគារ ដោយមិនចាំបាច់មានធ្វើដំណើរមកដល់សាខាធនាគារផ្ទាល់។” នេះជាប្រសាសន៍របស់លោក Han Peng Kwang អគ្គនាយករងធនាគារ ហ្វីលីព។
លោកបានបន្ថែមទៀតថា “ភាពជាដៃគូនេះ នឹងជួយជម្រុញបន្ថែមទៀតដល់គោលដៅរបស់ធនាគារ ក្នុងការផ្តល់ជូនផលិតផលនិងសេវាកម្មបែបឌីជីថលដល់អតិថិជនគ្រប់គ្នា រាប់ចាប់ពីអតិថិជនអាជីវកម្មខ្នាតតូច រហូតដល់ឯកត្តជន ក៏ដូចជាអតិថិជនអាជីវកម្មខ្នាតតូច និង មធ្យម និង សាជីវកម្មធំៗ។
ទាំងធនាគារឯកទេសវីង និងធនាគារ ហ្វីលីព សុទ្ធតែមានចក្ខុវិស័យដូចគ្នាក្នុងការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុឌីជីថល ដើម្បីលើកកម្ពស់កម្រិតជីវភាពសហគមន៍ដែលពួកគេបម្រើការ។ ធនាគារ ហ្វីលីព បម្រើអតិថិជនជាង ១០ ម៉ឺននាក់ដែលជាង ៩០ ភាគរយជាជនជាតិខ្មែរ។ វីងបានបង្កើតនូវផលិតផលឌីជីថលប្រកបដោយភាពច្នៃប្រឌិត ដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាដោយអនុញ្ញាតឱ្យពួកគេផ្ញើប្រាក់ និងប្រតិបត្តិការហិរញ្ញវត្ថុតាមរយៈការប្រើប្រាស់ទូរស័ព្ទចល័តនិងសេវាកម្មសាមញ្ញនៅតាមភ្នាក់វីង ។
ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត គឺជាអ្នកផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា និងជាធនាគារឯកទេសមួយក្នុងចំណោមធនាគារឯកទេសមួយចំនួនតូចនៅលើពិភពលោក។ បង្កើតឡើងក្នុងឆ្នាំ ២០០៩ វីង បានផ្លាស់ប្តូររបៀបដែលប្រជាជនកម្ពុជាផ្ញើនិងទទួលប្រាក់ដោយប្រើទូរស័ព្ទចល័តគ្រប់ពេលនិងគ្រប់ទីកន្លែងយ៉ាងងាយស្រួល។
ធនាគារឯកទេស វីង ជាក្រុមហ៊ុនឈានមុខគេផ្នែកសេវាកម្មហិរញ្ញវត្ថុចល័ត និងសេវាទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក នៅក្នុងប្រទេសកម្ពុជា ជាមួយសេវាគ្របដណ្ដប់១០០% តាមរយៈបណ្ដាញភ្នាក់ងារ វីងជាង ៨០០០កន្លែង នៅទូទាំងប្រទេស ។ វីង បានចាប់ដៃគូជាមួយពាណិជ្ជករជាង ៤ ម៉ឺនកន្លែង និងក្រុមហ៊ុនឈានមុខគេក្នុងពិភពលោកមួយចំនួនដូចជា៖ ម៉ាស្ទ័រកាត វីសា MoneyGram Alipay WeChat Pay និង Western Union ជាដើម៕
ដោយ៖CEN