សៀមរាប ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋនៅក្រុងសៀមរាបទាំងអស់ សូមចូលរួមសហការប្រកបដោយការយោគយល់ ជាមួយគណៈកម្មការអន្តរក្រសួង ក្រុមការងារបច្ចេកទេស និងអង្គភាពនិងក្រុមហ៊ុនសាងសង់ ដើម្បីឱ្យការសិក្សានិងការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ នៅក្រុងសៀមរាប ខេត្តសៀមរាប ប្រព្រឹត្តទៅបានដោយរលូន និងទទួលបានជោគជ័យ តាមការគ្រោងទុក។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សានិងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ ខ្សែនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប បានដឹកនាំក្រុមការងារបច្ចេកទេសអន្តរក្រសួង ចុះពិនិត្យមើលគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំងនេះ នៅក្នុងក្រុងសៀមរាប។
ក្នុងឱកាសចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជាសុផារ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានសម្រេចផ្ដល់ថវិកា សម្រាប់ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប ក្នុងគោលបំណងកែលំអហេដ្ឋារចនាសម្ព័ន្ធទីក្រុង បង្កើតការងារលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សម្រួលដល់ការធ្វើចរាចរណ៍ទៅមក បង្កើនសោភ័ណភាព ជំរុញកំណើនភ្ញៀវទេសចរ និងកំណើនសេដ្ឋកិច្ចជាតិ។ ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីកិច្ចប្រជុំពិភាក្សា របស់គណៈកម្មការអន្តរក្រសួង ដើម្បីសិក្សានិងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ ខ្សែនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប កាលពីពេលថ្មីៗកន្លងមក ដែលក្នុងកិច្ចប្រជុំនេះ បានពិភាក្សានិងសម្រេចជ្រើសរើសខ្សែផ្លូវសរុបចំនួន ៣៨ ខ្សែប្រវែង ១០០គីឡូម៉ែត្រ ដោយអនុលោមតាមផែនការមេ និងតាមប្លង់គោល ប្រើប្រាស់ដីក្រុងសៀមរាបចក្ខុវិស័យឆ្នាំ ២០៣៥ ដែលត្រូវបានដាក់ឲ្យប្រើប្រាស់ដោយសេចក្តីសម្រេចលេខ 004 សសរ ចុះថ្ងៃទី ៥ ខែកញ្ញាឆ្នាំ ២០១៨ របស់គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ និងផែនការមេ នៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៅក្រុងសៀមរាប ខេត្តសៀមរាប។ ក្នុងនាមគណៈកម្មការអន្តរក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋនៅក្រុងសៀមរាបទាំងអស់ សូមចូលរួមសហការប្រកបដោយការយោគយល់ ជាមួយគណៈកម្មការអន្តរក្រសួង ក្រុមការងារបច្ចេកទេស និងអង្គភាពនិងក្រុមហ៊ុនសាងសង់ ដើម្បីឱ្យការសិក្សានិងការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ នៅក្រុងសៀមរាប ខេត្តសៀមរាប ប្រព្រឹត្តទៅបានដោយរលូន និងទទួលបានជោគជ័យ តាមការគ្រោងទុក។
គួរបញ្ជាក់ថា ក្នុងគោលដៅលើកកម្ពស់ការផ្ដល់សេវាជូនប្រជាពលរដ្ឋ និងអ្នកទេសចរណ៍នៅក្នុងក្រុងសៀមរាប និងធ្វើឲ្យក្រុងសៀមរាប ក្លាយទៅជាទីក្រុងទេសចរណ៍កម្រិតពិភពលោកនោះ ខ្សែផ្លូវដែលត្រូវធ្វើការស្ថាបនា និងកែលម្អឡើងវិញទាំងអស់ នឹងត្រូវធ្វើឱ្យក្លាយទៅជាផ្លូវដែលមានមេត្រីភាពជាមួយវប្បធម៌ ប្រវត្តិសាស្ត្រនិងទេសចរណ៍ និងស្របតាមរូបសាស្ត្រទីក្រុង និងត្រូវមានការគិតគូរជាប្រព័ន្ធ លើគ្រប់ទិដ្ឋភាព ដូចជាប្រព័ន្ធលូទឹកកខ្វក់ លូទឹកភ្លៀង ចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង ផ្លូវសម្រាប់ជនមានពិការភាព ផ្លូវជិះកង់ ចំណតរថយន្ត ប្រព័ន្ធបំភ្លឺផ្លូវសាធារណៈ ស្លាកសញ្ញានិងគំនូសចរាចរណ៍ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព អាងចម្រោះទឹកកខ្វក់ ព្រមទាំងការធ្វើសួន និងដាំដើមឈើផងដែរ៕ដោយ៖កូឡាប